អភិបាលខេត្តកណ្ដាល បានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១៨២៣ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិចុងកោះ ឃុំសណ្ដារ ស្រុកលើដែក
(ខេត្តកណ្តាល)៖ ថ្លែងនៅក្នុងពិធីចែកបានប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ១៨២៣ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិចុងកោះ ឃុំសណ្ដារ ស្រុកលើដែក នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីចែកប័ណ្ណនាថ្ងៃនេះ សូមជួយផ្សព្វផ្សាយជូនដំណឹងដល់ជាពលរដ្ឋដែលមិនបានមក សូមរួសរាន់អញ្ជើញមកទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យបានគ្រប់ៗគ្នាពីមន្ត្រីសុរិយោដីក្នុងមូលដ្ឋាន។
ពេលទទួលបានហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺពិតជាមានតម្លៃជាងដីដែលគ្មានប័ណ្ណកម្មសិទ្ធិ ពីព្រោះដីដែលមានកម្មសិទ្ធិគឺបញ្ជាក់ថា ដីដែលមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ។
ឯកឧត្តមអភិបាកខេត្ត បានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិដែលបងប្អូនទទួលបាននៅថ្ងៃនេះគឺមាន QR Code ផ្ទុកទិន្នន័យព័ត៌មានរបស់ម្ចាស់កម្មសិទ្ធិ មាននិយាមការច្បាស់លាស់ បញ្ជាក់ពីទីតាំង ព្រំដី និងទំហំដីពិតប្រាកដ អាចធានាបាននូវសុវត្ថិភាពដីធ្លី បញ្ជៀសបាននូវរាល់ទំនាស់ដីធ្លី ទំនាស់ព្រំដីជាដើម ហើយមិនមានអ្នកណាម្នាក់អាចរំលោភបំពានលើព្រំដីរបស់បងប្អូនប្រជាពលរដ្ឋបានឡើយ ឯកឧត្តមអភិបាលខេត្តបាន សង្ឃឹមយ៉ាងមុតមាំថា ចាប់ពីថ្ងៃទទួលបានកម្មសិទ្ធិដីធ្លីនេះតទៅ ប្រជាពលរដ្ឋនៅភូមិចុងកោះនឹងមិនមានទំនាស់ដីធ្លីកើតឡើងទៀតឡើយ។
ក្រៅពីការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រីវាស់វែង និងអាជ្ញាធរស្រុកលើកដែក ដែលបានខិតខំយកចិត្តទុកដាក់ចាប់តាំងពីការវាស់វែងដំបូង រហូតដល់សម្រេចបានការចែកប័ណ្ណនាពេលនេះ ប្រកបដោយភាពជោគជ័យ គ្មានទំនាស់ និងបញ្ហាគួឱ្យកត់សម្គាល់កើតឡើង។
ឯកឧត្តមអភិបាលខេត្តបាន ក៏បានគូសបញ្ជាក់បន្ថែមថា ការចុះបញ្ជីដីធ្លី គឺជាផ្នែកមួយដ៏មានសារៈសំខាន់ ក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងជាទូទៅ គឺសំដៅពង្រឹងសន្តិសុខកម្មសិទ្ធិដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ ឬដោះស្រាយជម្លោះដីធ្លី គ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយសមធម៌ និរន្តរភាព និងប្រសិទ្ធភាព ព្រមទាំងជំរុញការបែងចែកដីធ្លីប្រកបដោយសមធម៌ ដោយរក្សានិរន្តរភាពបរិស្ថាន និងទប់ស្កាត់ការចូលទន្ទ្រានកាន់ ។ កាប់ដីរដ្ឋដោយខុសច្បាប់៕
ដោយ ៖ ង៉ាន់ ទិត្យ