អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ធំ ចាត់ទុកការជួបជុំគ្នាធ្វើបុណ្យធ្វើទាន ក្នុងពិធីបុណ្យកាន់បិណ្ឌ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព

(កំពង់ធំ)៖ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានថ្លែងចាត់ទុកការជួបជុំគ្នាជាមួយក្រុមការងារ និងប្រជាពុទ្ធបរិស័ទ ធ្វើបុណ្យធ្វើទាន ក្នុងពិធីបុណ្យកាន់បិណ្ឌ នៅថ្ងៃថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាថ្ងៃកាន់បិណ្ឌទី១ នៅវត្តសង់ឃ្លាំង វត្តធម្មនាថ និង វត្តសន្ទុកក្រៅ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ គឺដោយសារ ប្រទេសជាតិ មានសុខសន្តិភាព ។

សូមបញ្ជាក់ថា ពិធីកាន់បិណ្ឌឆ្នាំនេះ ចាប់ផ្ដើមពីថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។ ពិធីកាន់បិណ្ឌនេះ ត្រូវបានប្រជាជនកម្ពុជា ធ្វើការគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ទៅតាមទំនៀមទំលាប់ប្រពៃណី នៃព្រះពុទ្ធសាសនា ហើយតាមទំនៀមទំលាប់ខ្មែរ ក្រៅពីការរាប់បាត្រ បង្សុកូល វេរចង្ហាន់ និងគ្រឿងបរិក្ខា ប្រគេនព្រះសង្ឃនោះ ប្រជាជនយើង ក៏មានថ្វាយគ្រឿង សក្ការៈបូជា នមស្សការថ្វាយព្រះរតនៈត្រៃ សមាទានសីល ទៅតាមទំនាម ទម្លាប់ប្រពៃណីសាសនាផងដែរ។

នៅក្នុងឱកាសនោះ លោកជំទាវ ខៀវ ស៊ីណា និងក្រុមការងារ រួមជាមួយប្រជាពុទ្ធបរិស័ទ បានអញ្ជើញរាប់បាត្រ និងបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន វិរៈយុទ្ធជន វិរៈយុទ្ធនារី ដែលពលីជីវិត ដើម្បីបុព្វហេតុជាតិ និងឧទ្ទិសកុសល ដល់ញាត្តិកាលទាំង ៧សណ្តាន ដែលបានចែកឋាន ទៅបរលោកខាងមុខផងដែរ ។

លោកជំទាវ ខៀវ ស៊ីណា បានចាត់ទុកការមកជួបជុំគ្នា មកធ្វើបុណ្យធ្វើទាន និងការគោរពប្រតិបត្តិ បូជា តាមជំនឿសាសនា ក្នុងពិធីបុណ្យកាន់បិណ្ឌនាពេលនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព។ ដូចនេះ សុខសន្តិភាព ដែលប្រទេសកម្ពុជាទទួលបាននេះ មានតម្លៃណាស់ ដែលយើងត្រូវការពារថែរក្សាឲ្យបានគង់វង្ស។

ជាមួយគ្នានោះដែរ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បាននាំយកទេយ្យវត្ថុ គ្រឿងបរិក្ខា និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃវត្តទាំង៣ សម្រាប់ចាត់ចែង និងប្រើប្រាស់ នៅក្នុងរយៈ នៃពិធីបុណ្យកាន់បិណ្ឌនេះផងដែរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner