ប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) និងពង្រីកគម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែខ្លាំងក្លា ជាមួយក្រសួងសុខាភិបាល កម្ពុជា

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក សាណុយ កាហ្សូម៉ាស្សា (SANUI Kazumasa) ប្រធានតំណាងការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា និងក្រុមការងារ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលកន្លងមកតែងតែគាំទ្រក្រសួងសុខាភិបាល ក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់អ្នកជំនាញបច្ចេកទេស និងការផ្តល់ជំនួយហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្រទានឥតសំណងដល់វិស័យសុខាភិបាល ដូចជាសាងសង់មូលដ្ឋានសុខាភិបាល និងផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រ នៅតាមមន្ទីរពេទ្យជាច្រើនក្នុងប្រទេសកម្ពុជា ការពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាលជាច្រើន មិនអាចកាត់ថ្លៃបានជាង ៣ទសវត្សរ៍កន្លងមក និងបាននឹងកំពុងជួយជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគី JICA អំពីផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងអាណត្តិទី៧ ដែលត្រូវចាប់ផ្តើមអនុវត្តរួមមាន ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ខេត្ត តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងការប្រយុទ្ធនឹងជំងឺមិនឆ្លង និងការពង្រឹងស្ថាប័ន។

លោក សាណុយ កាហ្សូម៉ាស្សា បានថ្លែងការកោតសរសើរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ដែលបន្ទាប់ ពីទទួលបាន នូវការទុកចិត្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ បានគាំទ្រពង្រឹង និងពង្រីកគម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែខ្លាំងក្លា ។

លោកប្រធានក៏បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាតជូនលោកវេជ្ជបណ្ឌិត ណូហ្សូគី អ៊ីគូម៉ា ទីប្រឹក្សាគោលនយោបាយ បានជម្រាបលាបន្ទាប់ពីបានបំពេញការងារ ជាទីប្រឹក្សាក្រសួងសុខាភិបាលអស់រយៈពេល ៤ឆ្នាំ និងទទួលជួបស្វាគមន៍ទីប្រឹក្សាថ្មីដែលមកជំនួសគឺ លោកវេជ្ជបណ្ឌិត យូកូបូរី ព្រមទាំងជួបលោកស្រីវេជ្ជបណ្ឌិត ទីប្រឹក្សាគម្រោងជំងឺមិនឆ្លង (NCD Project)ផងដែរ។

លោកប្រធាន ក៏បានសន្យានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរាជដ្ឋាភិបាលជប៉ុន ដែលបានឧបត្ថម្ភគាំទ្រដល់កម្ពុជា ទោះជាក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដូចជាបានផ្តល់នូវវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនកម្ពុជា ផ្តល់រថយន្តគិលានសង្គ្រោះ លើកកម្ពស់គុណភាពសេវាសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍមូលដ្ឋានសុខាភិបាលជាដើម។ នេះសបញ្ជាក់អំពីភាពជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការទ្វេគាគីរបស់ប្រទេសទាំងពីរ ដែលបានការទទួលស្គាល់ពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរថា ជាទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner