មេរោគម្យ៉ាងនឹងសម្លាប់មនុស្ស ៣៩លាននាក់នៅឆ្នាំ ២០៥០
បរទេស ៖ ការឆ្លងមេរោគពីពពួកសត្វល្អិតចម្លងរោគ ឬហៅថា Superbugs ដែលធន់នឹងថ្នាំអង់ទីប៊ីយោទិច ត្រូវបានគេជឿជាក់ថា នឹងអាចសម្លាប់មនុស្សជាង ៣៩លាននាក់ក្នុងរយ:ពេល ២៥ឆ្នាំទៀត។ នេះបើយោងតាមការសិក្សាថ្មីមួយ ចេញផ្សាយដោយសារព័ត៌មាន Euronews។
ប្រភេទសត្វល្អិតចម្លងរោគទាំងនោះ គឺជាពពួកបាក់តេរី ឬភ្នាក់ងារបង្ករោគ ដែលធន់នឹងថ្នាំអង់ទីប៊ីយោទិច ដែលធ្វើឱ្យពួកវាពិបាកព្យាបាលខ្លាំងជាងមុន ហើយត្រូវបានគេទទួលស្គាល់ថា វាបង្កើនការគំរាមកំហែងដល់ពិភពលោក។
មានមនុស្សជាង ១លាននាក់បានស្លាប់ដោយសារសត្វល្អិតប្រភេទនេះ ដែលគេហៅម្យ៉ាងទៀតថា ពពួកសត្វល្អិតធន់នឹងថ្នាំសម្លាប់មេរោគ ឬ (AMR) ក្នុងមួយឆ្នាំនៅទូទាំងពិភពលោក នៅចន្លោះឆ្នាំ១៩៩០ និង២០២១ ហើយនឹងបន្តកើនឡើង បើពុំមានវិធានការទប់ស្កាត់។
ពពួក AMR នេះកើតឡើងនៅពេលដែលបាក់តេរី និងផ្សិតអភិវឌ្ឍសមត្ថភាពប្រឆាំងថ្នាំអង់ទីប៊ីយោទិច ដែលបង្កើតឡើងដើម្បីសម្លាប់វីរុស ធ្វើឱ្យការឆ្លងមេរោគកាន់តែពិបាកព្យាបាល។ ការស្រាវជ្រាវ បានបញ្ជាក់ថា វា ប៉ះពាល់ខ្លាំង គឺទៅលើកុមារ និងមនុស្សចាស់ ដែលងាយនឹងឆ្លងមេរោគ។
យ៉ាងណាមិញ ប្រសិនបើពិភពលោកកែលម្អការថែទាំលើការឆ្លងមេរោគធ្ងន់ធ្ងរ និងអភិវឌ្ឍបានថ្នាំប្រឆាំងមេរោគ នោះវាអាចជួយសង្គ្រោះជីវិតមនុស្សបានរហូតដល់ ៩២លាននាក់នៅឆ្នាំ២០៥០៕
ប្រភព : Euronews ប្រែសម្រួលដោយ : ឈឹម ទីណា