ជប៉ុនចាយ ៤៨០លានដុល្លារ សង់នាវាល្បាតធំបំផុតក្នុងប្រវត្តិសាស្ត្រ
តូក្យូ ៖ ជប៉ុនគ្រោងចំណាយប្រហែល ៤៨០លានដុល្លារ សាងសង់នាវាល្បាតពហុគោលបំណង ជាកន្លែងជួយសង្គ្រោះមនុស្សពេលមានគ្រោះពីរលកយក្សស៊ូណាមិផង ជាកន្លែងឱ្យមនុស្សស្នាក់នៅពេលមានអាសន្នផង មន្ទីរពេទ្យផង និងសម្រាប់ការពារជាតិផង ហៅកាត់ថា (MPPV) ដែលវានឹងក្លាយជានាវាធំបំផុតក្នុងប្រវត្តិសាស្ត្រ នៃឆ្មាំសមុទ្រជប៉ុន (JCG)។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Naval News។
MPPV ជានាវា ល្បាត ដ៏ ធំ ពិសេស មួយ ដែល មាន ប្រវែង ១៩៩ម៉ែត្រ ជាមួយនឹង ទម្ងន់ សរុប ៣០,០០០តោន ។ វាអាចផ្ទុកមនុស្សបានរហូតដល់ ១,០០០នាក់នៅខាងក្នុង និងមានកន្លែងសម្រាប់ផ្ទុកយានជំនិះជាច្រើនគ្រឿង។
នាវានេះក៏មានកន្លែងហោះហើរធំមួយ នៅខាងក្រោយវា សម្រាប់ឧទ្ធម្ភាគចក្រពីរគ្រឿងធ្វើប្រតិបត្តិការក្នុងពេលដំណាលគ្នា រួមជាមួយឃ្លាំងដែលអាចដាក់ឧទ្ធម្ភាគចក្របីគ្រឿងបន្ថែម។ វាក៏មានផ្ទុកទូកតូចៗមួយចំនួនធំទៀតដែរ។
ប្រទេសជប៉ុនគ្រោងនឹងចាប់ផ្តើមសាងសង់ នាវា MMPV ក្នុងឆ្នាំសារពើពន្ធ ២០២៥ ហើយដាក់ឱ្យដំណើរការនៅឆ្នាំសារពើពន្ធ ២០២៩។ ប៉ុន្តែឆ្មាំសមុទ្រជប៉ុន មិនមានគម្រោងបំពាក់ប្រព័ន្ធអាវុធនៅលើនាវា MMPV នោះទេ៕
ប្រភព : Naval News ប្រែសម្រួលដោយ : ឈឹម ទីណា