នាយករដ្ឋមន្ត្រី ណែនាំបងប្អូន ពូ មីង អុំ និងលោកតា លោកយាយទាំងអស់ ឱ្យស្គាល់ចម្ការកៅស៊ូ ដែលមានវ័យ ១០០ឆ្នាំ នៅកម្ពុជា

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី១៩កញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំបងប្អូន ពូ មីង អុំ និងលោកតា លោកយាយទាំងអស់ ឱ្យស្គាល់ចម្ការកៅស៊ូ ដែលមានវ័យ ១០០ឆ្នាំ នៅកម្ពុជា ។

សម្ដេចធិបតី បានលើកឡើងលើបណ្ដាញសង្គមដូច្នេះថា ១០០ឆ្នាំ នៃដំណាំកៅស៊ូនៅកម្ពុជា ។

ដំណាំកៅស៊ូ ចាប់ផ្ដើមមានវត្តមាននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩១០ ដោយជនជាតិបារាំងម្នាក់ឈ្មោះលោក Boulliard បាននាំដំណាំកៅស៊ូនេះ មកដាំដុះសាកល្បង ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្ន ខេត្តព្រះសីហនុ) ។

ដោយសារសណ្ឋានដីពុំអំណោយផល ជំនាញការបារាំង បានស្វែងរកដីដែលមានក្សេតបរិស្ថានសមស្របសម្រាប់ដំណាំកៅស៊ូ ហើយចាប់ផ្ដើមដាំដុះជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងខេត្តចំនួន ៥ ដែលមានដីក្រហមបាសាល់ ។

ក្រោយមក ចម្ការកៅស៊ូមានលក្ខណៈឧស្សាហកម្មទ្រង់ទ្រាយធំបានបង្កើតឡើងដោយក្រុមហ៊ុនវិនិយោគរបស់បារាំងធំៗចំនួន៥ នៅលើខេត្តដែលមានដីក្រហមបាសាល់ រួមមាន ខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តរតនគិរី ។

ជាង ១០០ឆ្នាំកន្លងមកនេះ ដំណាំកៅស៊ូ និងឧស្សាហកម្មកៅស៊ូ បាននៅជាប់ជាមួយប្រទេសកម្ពុជាជានិច្ច បើទោះបីជាកម្ពុជា បានផ្លាស់ប្ដូររបបដឹកនាំជាច្រើនលើកច្រើនសារក៏ដោយ ។

សម្ដេចធិបតី បានណែនាំបងប្អូន ពូ មីង អ៊ំ និងលោកតា លោកយាយទាំងអស់ មកស្គាល់ចម្ការកៅស៊ូ ដែលមានវ័យចាស់ជាងគេបង្អស់នៅកម្ពុជា ស្ថិតនៅក្នុងភូមិសាស្ត្រឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចម្ការកៅស៊ូនេះ មានចំនួនដើមកៅស៊ូចាស់ នៅរស់ច្រើនជាងគេបំផុត នៅក្នុងពិភពលោក រហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការស្រាវជ្រាវរកពូជកៅស៊ូ ដែលមានលក្ខខណ្ឌដុះ លូតលាស់ និងផ្ដល់ផលជ័រខ្ពស់ ស្របតាមក្សេតបរិស្ថានរបស់កម្ពុជា ។

យោងតាមអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផ្ទៃដីកៅស៊ូសរុប នៅកម្ពុជា នាពេលបច្ចុប្បន្ន មានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន៣២០ ១៨៤ហិកតា ស្មើនឹង៧៩ភាគរយ និងផ្ទៃដីថែទាំមានចំនួន ៨៦ ៩៨៨ហិកតា ស្មើនឹង២១ភាគរយ។ ផ្ទៃដីកៅស៊ូកសិឧស្សាហកម្ម មានចំនួន ២២៦ ៨៤០ហិកតា ស្មើនឹង៥៦ភាគរយ និងផ្ទៃដីកៅស៊ូគ្រួសារ មានចំនួន ១៨០ ៣៣២ហិកតា ស្មើនឹង៤៤ភាគរយ ។

យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារនៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងទិសដៅ អនុវត្តបន្ត បានបង្ហាញថា ចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ គិតត្រឹមក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២៤នេះ មានទឹកប្រាក់សរុបជាង ១០០ ៨៣៧ ៦៨៩ដុល្លារ ដែលក្នុងនោះ ប្រាក់ចំណូលពីការនាំចេញជ័រកៅស៊ូគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួន ១០០ ៤៨១ ៩៩៥ដុល្លារ និងប្រាក់ចំណូល ពីការនាំចេញឈើកៅស៊ូគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួន៣៥៥ ៦៩៤ដុល្លារ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner