រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី៖ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA មិនមែនជាមូលហេតុអំពីការបាត់បង់ទឹកដីនោះទេ

ឯកឧត្ដម ព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការព្រួយបារម្ភអំពីការបាត់បង់ទឹកដីនៃប្រទេសកម្ពុជា គឺជាសញ្ញាណល្អរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែកិច្ចកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA មិនមែនជាមូលហេតុនោះទេ។ លទ្ធភាពនៃការបាត់បង់ទឹកដីគឺអាចកើតឡើងដោយសារតែការបែកបាក់សាមគ្គីជាតិ និងទំនាស់ផ្ទៃក្នុងនៃពលរដ្ឋខ្មែរ ដែលមិនបានឈ្វេងយល់ច្បាស់លាស់ និងស៊ីជម្រៅអំពីបញ្ហានយោបាយ ចាញ់កលការញុះញង់ពីជនបរទេស ឬក្រុមដែលមាននិន្នាការប្រឆាំងជ្រុលនិយម។ ក្នុងចំណុចនេះ ឯកឧត្ដមក៏បានបន្ថែមថា ការរក្សាស្ថេរភាពនយោបាយដើម្បីទទួលបានសន្តិភាព ពង្រឹងសមត្ថភាពពលរដ្ឋ សមត្ថភាពកងទ័ព អភិវឌ្ឍន៍តាមតំបន់ព្រំដែន និងបង្កើតលក្ខខណ្ឌអំណោយផលដល់ពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែនគឺជាជាការសំខាន់ និងចាំបាច់។

ការបញ្ជាក់នេះ ក្នុងឱកាសបណ្តុះបណ្តាល ណែនាំ និងប្រឹក្សាយោបល់ ចំពោះបញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឬ CLV-DTA បញ្ហាព្រំដែន ប្រវត្តិសាស្ត្រ សង្គម និងនយោបាយ ដល់សមាគមក្រុមការងារ ១០០រាត្រី អង្គការ សមាគម សហភាពអង្គការសង្គមសុីវិល និងសហការី។

ឯកឧត្ដម ព្រាប កុល បានបង្ហាញយ៉ាងច្បាស់លាស់អំពីកិច្ចសហប្រតិបត្តិរវាង កម្ពុជា ឡាវ វៀតណាម ដែលឯកឧត្ដម បានសិក្សាស្រាវជ្រាវ និងមានមូលដ្ឋានច្បាស់លាស់ ក្នុងនោះមានខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ របស់កម្ពុជា ដែលក្នុងខ្លឹមសារនៃកិច្ចកិច្ចសហប្រតិបត្តិការគឺផ្តោតលើការជំរុញខេត្តទាំង ០៤នេះឱ្យទទួលបាននូវឱកាសសម្រាប់ការអភិវឌ្ឍ ត្បិតខេត្តទាំងនេះស្ថិតនៅដាច់ស្រយាល បើធៀបនឹងខេត្តផ្សេងៗរបស់កម្ពុជា ជាពិសេសជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម កសិកម្ម កសិឧស្សាហកម្ម ទាក់ទាញការវិនិយោគ ទប់ស្កាត់បទល្មើសឆ្លងដែន លើកកម្ពស់វិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត ដែលមានសក្កដានុពលក្នុងតំបន់នោះ។

ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងរាល់ឯកសារនៃកិច្ចសហប្រតិបត្តិការពុំមានខ្លឹមសារណាមួយដែលនិយាយពីការដាក់ទឹកដី កាត់ខេត្ត និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសវៀតណាមចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយសេរីនោះឡើយ។

បន្ថែមពីនេះ ឯកឧត្តម ព្រាប កុល បានកត់សម្គាល់ស្មារតីនៃការស្នេហាជាតិ ប៉ុន្តែសូមកុំឱ្យខ្វះបញ្ញា និងក្លាយទៅជាការស្អប់ជាតិសាសន៍ណាមួយ ដោយយករឿងប្រវត្តិសាស្ត្រមកជាដើមហេតុ ព្រោះមិនសមស្របតាមបរិបទនៃទំនាក់ទំនងការទូត និងភូមិសាស្ត្រនយោបាយបច្ចប្បន្ននេះឡើយ។

ជាចុងក្រោយ ឯកឧត្តមបានលើកទឹកចិត្តឱ្យ បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន មេត្តាសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅចំពោះបញ្ហានីមួយៗដែលកើតមានឡើង ជៀសវាងទទួលបាននូវព័ត៌មានមិនពិត និងការញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គមដែលពិបាករក្សាស្ថេរភាពនយោបាយដើម្បីអភិវឌ្ឍធនធានប្រទេសជាតិកម្ពុជាឡើងវិញ។ អ្វីដែលលោកចង់បានគឺការនាំកម្ពុជាទៅរកភាពរុងរឿងដូចប្រទេសជឿនលឿន ហើយលោកបារម្ភមិនចង់ឃើញកម្ពុជារអិលធ្លាក់ចូលក្នុងដានប្រវត្តិសាស្ត្រចាស់ ដែលបង្ករវិនាសកម្មដល់កម្ពុជាសាជាថ្មីនោះឡើយ៕
ដោយ៖ពលជ័យ

ads banner