បើកសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ អាណត្តិទី៦

ឧត្តរមានជ័យ៖ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហម កម្ពុជា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងការប្រារព្ធ សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ អាណត្តិទី៦ ។

ជាលទ្ធផល អង្គសន្និបាត បានបោះឆ្នោតអនុម័តគាំទ្រ ឯកឧត្តម មាន ចាន់យ៉ាដា ជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ អាណត្តិទី៦ និងមានអនុប្រធានអចិន្ត្រៃយ៍ ១រូប, អនុប្រធាន ២រូប, ហេរញ្ញិក ១រូប, លេខាធិការ ១រូប និងសមាជិកសមាជិកាចំនួន ៩រូបទៀត។ សមាសភាពគណៈកម្មាធិការសាខា ខេត្តឧត្តរមានជ័យ អាណត្តិទី៦នេះ ក៏ត្រូវបានទទួលស្គាល់ជាផ្លូវការ ពីកាកបាទក្រហមកម្ពុជា ដោយសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

ក្នុងនាមជាប្រធានគណៈកម្មាធិការថ្មីនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ឯកឧត្តម មាន ចាន់យ៉ាដា បានប្តេជ្ញាចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ខិតខំយកអស់កម្លាំងកាយ ចិត្ត រិះរកគ្រប់មធ្យោបាយ កៀរគរមូលនិធិទាំងថវិកាសម្ភារៈពីសប្បុរសជនគ្រប់មជ្ឍដ្ឋាន ក្នុងគោលបំណង រក្សាឱ្យបាននិរន្តរភាព ចីរភាពធនធាន និងភាពម្ចាស់ការរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ អាចបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនប្រកបដោយជោគជ័យ ។

លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការសាខា ដែលបច្ចុប្បន្នជាសមាជិក គណៈកម្មាធិការកណ្តាល អាណត្តិទី៧ផង និងធ្លាប់ជាមន្ត្រីកាកបាទក្រហមកម្ពុជាផង ពិតជាមានបទពិសោធន៍ជ្រៅជ្រះ និងស្គាល់ច្បាស់ណាស់ពីសារៈសំខាន់និងគុណតម្លៃរបស់អ្នកស្ម័គ្រចិត្ត និងយុវជន កាកបាទក្រហម ដែលជាឆ្អឹងខ្នង របស់ចលនា និងជាប្រតិបត្តិករជួរមុខ ក្នុងការជួយសម្រាលទុក្ខលំបាកប្រជា ពលរដ្ឋ និងក្នុងការដឹកនាំអនុវត្តកម្មវិធី និងសកម្មភាពនានា តាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» ដោយប្រកាន់ខ្ជាប់ គោលការណ៍គ្រឹះទាំង៧ របស់ ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវអនុសាសន៍តម្រង់ទិសចំនួន ៦ចំណុច របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គសន្និបាត ជាពិសេសគណៈកម្មាធិការសាខា អាណត្តិទី៦ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់សាខា។

សូមជម្រាបជូនថា ក្នុងពិធីនេះដែរ សប្បុរសជននានា បាននាំយកថវិកាសប្បុរសធម៌ចូលរួមឧបត្ថម្ភ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌ នៅក្នុងខេត្តឧត្តរមានជ័យ ដែលជាបឋមទទួលបានថវិកាប្រមាណជាង ៦ម៉ឺនដុល្លារអាមេរិកផងដែរ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner