សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ី នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ លោកស្រី Laurel E. Miller ប្រធាន និងជានាយកប្រតិបត្តិ មូលនិធិអាស៊ី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។

មូលនិធិអាស៊ី បានក្លាយជាដៃគូកិច្ចសហប្រតិបត្តិការជាមួយ ព្រះរាជាណាចក្រកម្ពុជា មកដល់ពេលនេះ មានរយៈពេល ៣០ឆ្នាំ គឺនៅឆ្នាំ១៩៩៣ ចាប់តាំងពីប្រទេសកម្ពុជា មិនទាន់ស្គាល់សន្តិភាពពេញលេញនៅឡើយ ។

សូមរំលឹកថា មូលនិធិអាស៊ី កំពុងប្រារព្ធខួបលើកទី ៧០ នៃប្រតិបត្តិការនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក បន្ទាប់ពីបានចំណាយពេល ៧ទសវត្សរ៍ ដើម្បីចូលរួមគាំទ្រ ដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសជាដៃគូ និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យអភិបាលកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងជួយគាំទ្រទៅតាមអ្វី ដែលជាបំណងប្រាថ្នារបស់ប្រទេសដៃគូ ។

សម្រាប់ព្រះរាជាណាចក្រកម្ពុជា បេសកកម្មរបស់មូលនិធិអាស៊ី គឺការប្តេជ្ញាជួយគាំទ្រ ដល់វិស័យអាទិភាពដែលរដ្ឋាភិបាលបានដាក់ចេញ ដែលជាបំណងប្រាថ្នារបស់ប្រទេស និងប្រជាជនកម្ពុជា។ កន្លងមក មូលនិធិអាស៊ី តែងតែតម្រឹមគំនិតផ្តួចផ្តើម និងកម្មវិធីនានា ឱ្យមានភាពស៊ីចង្វាក់ជាមួយ នឹងគោលនយោបាយ របស់រដ្ឋាភិបាល។

មូលនិធិអាស៊ី តែងចូលរួមសហការ យ៉ាងជិតស្និទ្ធ ជាមួយស្ថាប័ននានារបស់រដ្ឋាភិបាលកម្ពុជា ជាពិសេស គឺការចូលរួមគាំទ្រយ៉ាងសកម្មដល់អាជ្ញាធរ នៅតាមមូលដ្ឋាន ដូចជា ការចុះធ្វើការស្រាវជ្រាវ ពីជីវភាពរស់នៅរបស់ប្រជាជន ដើម្បីកសាងភាពធន់នឹងវិបត្តិ និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការបើកវគ្គបណ្តុះបណ្តាល ពីវិធីសាស្រ្តកសាងគម្រោងថវិកា ជាដើម។

សម្រាប់ទស្សនវិស័យទៅថ្ងៃខាងមុខ មូលនិធិអាស៊ី នឹងបន្តខិតខំគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ដោយអនុលោមតាមយុទ្ធសាស្រ្ត គោលនយោបាយ និងរបៀបវារៈអាទិភាពរបស់រដ្ឋាភិបាល ដែលជាបំណងប្រាថ្នា របស់ប្រជាជនកម្ពុជា និងជាបេកកម្មរបស់មូលនិធិអាស៊ី គឺធ្វើយ៉ាងណាបន្តគាំទ្រដល់ប្រទេសកម្ពុជា ឱ្យទទួលបានសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍរហូតទៅ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner