ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍អង្គការ JICA របស់រាជរដ្ឋាភិបាលជប៉ុន ចំនួន ០៩នាក់ ដែលត្រូវទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសជប៉ុន កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ០៥នាក់ និងបណ្ឌិតចំនួន ០៤នាក់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នាទីស្តីការក្រសួង។

ជ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរដល់និស្សិតជ័យលាភីទាំង ៩រូប ដែលទទួលបានអាហារូបករណ៍រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុន និងសង្ឃឹមថាក្មួយៗ និស្សិតជ័យលាភីទាំងអស់នឹងបញ្ចប់ការសិក្សាដោយជោគជ័យ ត្រឡប់មកជួយអភិវឌ្ឍន៍ប្រទេស និងក្លាយជាសសរទ្រូងដ៍រឹងមាំរបស់ប្រទេសជាតិ។

នាឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ដល់និសិ្សតជ័យលាភីទាំងអស់ ដើម្បីរួមចំណែកដល់ការសិក្សាឲ្យបានជោគជ័យដូចខាងក្រោម៖
១- ត្រូវមានមោទនភាព ដែលបានទទួលបាននូវអាហារូបករណ៍នេះ
២- ត្រូវរំលេចឱ្យឃើញ ស្គាល់ឱ្យច្បាស់ពីសារៈសំខាន់នៃការសិក្សារៀងៗខ្លួន។ ធ្វើយ៉ាងណាឱ្យដំណើរនៃការសិក្សារបស់យើង ក្លាយទៅជាការជួយអភិវឌ្ឍន៍ខ្លួនឯង និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ
៣ – ចេះលើកទឹកចិត្តខ្លួនឯង និងតាំងចិត្តថាធ្វើឱ្យបាន
៤ – បង្ហាញពីវប្បធម៌ដ៏ល្អរបស់ជាតិ និងចែករំលែកដល់ប្រទេសដ៏ទៃឱ្យបានដឹង
៥ – ជំរុញធ្វើយ៉ាងណាឱ្យមានការទំនាក់ទំនងល្អ ក្នុងចំណោមគ្នាយើង និងក្នុងចំណោមបណ្ដានិស្សិតប្រទេសទាំងឡាយ គឺធ្វើជាមនុស្សល្អចំពោះអ្នកនៅជុំវិញខ្លួន
៦- ធ្វើយ៉ាងណាលើកកម្ពស់ពីការស្ថាបនាជាតិរបស់យើង តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រ
៧- ថែទាំសុខភាពផ្លូវចិត្ត សុខុមាលភាពផ្ទាល់ខ្លួនម្នាក់ៗ ដូចជាការសម្រាកឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងហូបចុកឱ្យបានល្អ
៨- មានការទំនាក់ទំនងល្អជាមួយអង្គភាពដែលខ្លួនបំពេញការងារ និងជាមួយស្ថានទូតខ្មែរនៅប្រទេសជប៉ុន
៩- និស្សិតម្នាក់ត្រូវដើរតួជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់ប្រទេសជាតិ០១រូប ត្រូវដើរតួថាយើងជាអ្នកតំណាងឱ្យប្រទេសជាតិយើង ឱ្យមានសេចក្ដីថ្លៃថ្នូរ ឱ្យមានការគោរព។

បន្ទាប់ពីទទួលបានអនុសាសន៍គន្លឹះសំខាន់ៗដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី តំណាងនិស្សិតបានធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំរៀនសូត្រឲ្យបានពូកែ និងជោគជ័យយកចំណេះដឹងមកជួយអភិវឌ្ឍន៍ជាតិមាតុភូមិវិញ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner