កម្ពុជា និងនូវែលសេឡង់ ជំរុញការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរ បន្ថែមទៀត ដើម្បីផលប្រយោជន៍រួម

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិ​បត្តិ​ការអន្តរជាតិ និងឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតនូវែល​សេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក បានជំរុញការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរបន្ថែមទៀត ដើម្បីផលប្រយោជន៍រួម ។

ក្នុងជំនួបពិភាក្សាការងារ នៅទីស្តីការក្រសួងការបរទេស នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា បានស្វាគមន៍ និងអរគុណឯកឧត្តម Jonathan Kings ដែលបានអញ្ជើញមកធ្វើបាឋកថា នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្ដរជាតិ ក្រោមប្រធានបទ “ខួប ៦៥ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-នូវែលសេឡង់ និងអាទិភាព នៃគោលនយោបាយការបរទេសនូវែលសេឡង់”។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញ ពីជំនួបប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ កាលពីខែកក្កដា នៅទីក្រុងវៀងចន្ទន៍។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះជំនួយរបស់នូវែលសេឡង់ និងបានស្នើឱ្យភាគី នូវែលសេឡង់ ធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត លើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងស្នើភាគីនូវែលសេឡង់ រៀបចំសិក្ខាសាលាធុរកិច្ច នៅក្នុងរាជ/រដ្ឋធានីណាមួយ នៃប្រទេសសមាជិកអាស៊ាន ដែលមានធុរជនជនជាតិ នូវែលសេឡង់ច្រើន ដោយមានតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ចូលរួមធ្វើបទបង្ហាញអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានកត់សម្គាល់ដោយការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងនូវែលសេឡង់ និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់បន្ថែមទៀត នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍រួម។

ភាគីទាំងពីរ ក៏បានពិភាក្សាស្ដីពីទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម ផងដែរ ៕

ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner