អ្នកជំនាញកំពុងជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មឡើងវិញ

(ភ្នំពេញ)៖ខ្លោងទ្វារទិសខាងត្បូងប្រាសាទតាព្រហ្ម ដែលរលំដួលទាំងស្រុងអស់ជាច្រើន​ឆ្នាំមកហើយ ចាប់ផ្ដើមបង្ហាញរូបរាងដើមជាបណ្ដើរៗហើយ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា រួមសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ជួសជុលអស់ពេល​ជា​ច្រើនខែកន្លងមកនេះ។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ ២០២៤នេះថាការជួសជុល​ខ្លោងទ្វា​រខាងត្បូងនៃប្រាសាទតាព្រហ្មឡើងវិញបានចាប់ផ្តើមតាំង​ពីពាក់កណ្តាល​ឆ្នាំ២០២៤ ដោយពង្រឹងគ្រឹះ និងតួខ្លោងទ្វារឡើងវិញ បន្ទាប់ពីអ្នកជំនាញបានចំណាយ​ពេល១ឆ្នាំក្នុងការសិក្សា រុះរើថ្មតាមបច្ចេកទេសអាណាស្ទីលឡូ។

លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម ឱ្យដឹងថា តាំងពីដើមឆ្នាំ២០២៣ ក្រុមការងារបានសិក្សា រុះរើគំនរថ្មដែលជ្រុះធ្លាក់​សន្ធប់មកលើតួខ្លោងទ្វារទាំងមូល និងស្វែងរកថ្មដែលចល័តខុសពីទីតាំងដើមមកផ្គុំ​សាកល្បងឱ្យត្រូវតាមទីតាំងដើម ព្រមទាំងជួសជុលថ្មបាក់បែក ឬខូចខាតមួយចំនួន កំណាយបុរាណវិទ្យា ពិសោធន៍ដីគ្រឹះជាដើម។

អ្នកគ្រប់គ្រងការដ្ឋានបន្ថែមថា មកដល់ពាក់កណ្ដាលឆ្នាំ២០២៤ ក្រុមការងារបានរៀបចំជួសជុលពង្រឹងគ្រឹះខ្លោងទ្វារនិងខឿន ជញ្ជាំងមួយចំនួនតាមលំនាំឡើងវិញជាបន្តបន្ទាប់។ កិច្ចការនេះអាចរលូនទៅបានឆាប់រហ័សដោយសារតែថ្មដើមរបស់ខ្លោងទ្វារ អាចរកឃើញប្រមាណជា៩៥ភាគរយយកមកដាក់នៅទីតាំងដើមឡើងវិញ។

លោក Chitranjan Kumar បញ្ជាក់ទៀតថា ការងារជួសជុលខ្លោងទ្វារខាងត្បូង នៃប្រាសាទ​តាព្រហ្មនេះ ត្រូវបានអភិរក្សទាំងដើមឈើផង ស្របតាមអនុសាសន៍ របស់​ក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ICC-Angkor/ Sambor Prei Kuk)៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner