ឯកឧត្តម ប្រាក់ សុខុន កោតសរសើររដ្ឋបាលរាជធានីភ្នំពេញ ចំពោះការកែទម្រង់នានា សំដៅធ្វើយ៉ាងណាអោយរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើន

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ប្រធានព្រឹទ្ធសភាស្ដីទី និងជាប្រធានក្រុមសមាជិក​ព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានសម្តែងនូវការកើតសរសើរ រដ្ឋបាលរាជធានីភ្នំពេញ ចំពោះការកែទម្រង់នានា សំដៅធ្វើយ៉ាងណាអោយរាជធានីភ្នំពេញមានការ​អភិវឌ្ឍ​រីកចម្រើនជាមួយនិងការលើកកំពស់ជីវភាពប្រជាពលរដ្ឋ និងការបម្រើសេវាសា​ធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ។

ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា នៅរាជធានីភ្នំពេញពិតជាមានបញ្ហាប្រឈម​ច្រើន​នៅតាមមូលដ្ឋានសង្កាត់ទាំង១០៥ តែក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមសមា​ជិក​ព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នៅពេលនេះ យើងជ្រើសរើសយកតែបញ្ហាប្រឈមណា​ដែលមានលក្ខណៈសមស្រប មកដោះស្រាយមុន។

ការលើកឡើងបែបនេះ ក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ស្តីពី “បញ្ហាប្រឈម និងសំណូមពរ នៅភូមិភាគទី១ រាជធានីភ្នំពេញ”ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៩កញ្ញា២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ប្រធានព្រឹទ្ធសភាស្ដីទី និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងមានការចូលរួមពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និង ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍​លើកឡើងថា សំរាប់វេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ​ទី១ ស្តីពី “បញ្ហាប្រឈម និងសំណូមពរ នៅភូមិភាគទី១ រាជធានីភ្នំពេញ” នាពេលនេះ គឺក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនៈភាពការងារ ពីការកំណែទម្រង់ប្រសិទ្ធភាពការងារ តម្លាភាពនិងសមធម៌ ដើម្បីឆ្លើយតបទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ថ្នាក់ដឹកនាំរាជធានី ខណ្ឌ សង្កាត់ និង មន្ទីរជំនាញនានាបានខិតខំប្រឹងប្រែងរហូតសម្រេចបានវឌ្ឍនភាពការងារសំខាន់ៗជាច្រើន តែក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលយើងយកមកដោះស្រាយ រួមគ្នាក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នាពេលនេះដែរ ក្នុងនោះរួមមាន ៖១ ការងារភូមិ សង្កាត់ មានសុវត្ថិភាព,២. ការងារអត្តសញ្ញាណកម្ម និងអត្រានុកូលដ្ឋាន,៣. ការងារលទ្ធកម្មតាមមូលដ្ឋាន,៤. ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន,៥. ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ និងការងារ (ប.ស.ស) ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ប្រាក់ សុខុន បានបន្តថា៖ ការរួមគ្នាជាមួយព្រឹទ្ធសភា ក្នុងការចុះមូលដ្ឋានទាំង១០៥ យើងប្រមូលបានបញ្ហាជាច្រើន មានទាំងវិជ្ជមាននិងអវិជ្ជមាន ដែលយើងអាចយកបញ្ហាទាំងអស់នោះ មកគិតពិចារណា ដោះស្រាយជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។

ឯកឧត្តមប្រាក់ សុខុន បានអោយបន្តពង្រឹងរដ្ឋបាលសាធារណៈ បន្តយន្តការកែទម្រង់​អភិបាល​កិច្ច និងបន្តដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ​អោយបាន​ល្អប្រសើរ។ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា យើងពិតជាមានមោទនភាពណាស់ ដោយ​យើង​មានថ្នាក់ដឹកនាំប្រទេសដ៏ឆ្នើម មានការអភិវឌ្ឍ មានវប្បធម៌ប្រវត្តិសាស្ត្រល្អ និងមានសមាជិកក្រុមប្រឹក្សា ប៉ូលីសមូលដ្ឋានល្អ ក្នុងការបំរើប្រជាពលរដ្ឋនិងរាជ​រដ្ឋាភិបាល​៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner