លោក ដូណាល់ ត្រាំ ថា គាត់ប្រហែលជួបប្រធានាធិបតីអ៊ុយក្រែននៅសប្តាហ៍ក្រោយ
វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា លោកប្រហែលជាជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅសប្តាហ៍ក្រោយ។
បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា លោកអាចនឹងជួបជាមួយមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលនឹងធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកនាសប្តាហ៍ក្រោយ ដើម្បីថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីសង្គ្រាមរុស្ស៊ីនៅក្នុងប្រទេសរបស់គាត់។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មាន ដែលចោទសួរថាតើគាត់នឹងជួបមេដឹកនាំអ៊ុយក្រែនដែរឬទេ? លោក ត្រាំ បាននិយាយថា “ប្រហែលជាមែន”។ ប៉ុន្តែលោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
ការអះអាងបែបនេះរបស់លោក ត្រាំ កើតឡើងចំពេលដែលលោក ហ្សេលេនស្គី បាននិយាយកាលពីខែសីហាថា រូបលោកចង់បង្ហាញផែនការសន្តិភាពដល់លោក បៃដិន, លោកស្រី ហារីស និងលោក ត្រាំ។
កន្លងមក លោក ត្រាំ និងលោក ហ្សេលេនស្គី ក៏បានជួបជជែកគ្នាតាមទូរស័ព្ទកាលពីខែកក្កដាផងដែរ ប៉ុន្តែពួកលោកមិនបាននិយាយគ្នាដោយផ្ទាល់ទេ ចាប់តាំងពីអាណត្តិឆ្នាំ ២០១៧-២០២១ របស់លោក ត្រាំ។
យ៉ាងណាមិញ ជារឿយៗ លោក ត្រាំ បានពណ៌នាថា ជំនួយរបស់អាមេរិកដល់សម្ព័ន្ធមិត្តអឺរ៉ុបខាងកើតរបស់ខ្លួន គឺអ៊ុយក្រែន ជាការខ្ជះខ្ជាយប្រាក់ឥតប្រយោជន៍ ហើយបានបដិសេធមិននិយាយថា លោកចង់ឲ្យអ៊ុយក្រែនឈ្នះឡើយ៕
ប្រភព : Yahoo News ប្រែសម្រួលដោយ : ឈឹម ទីណា