ជីវិតមនុស្សសំខាន់! ស៊ីមបាវ៉េនឹងសម្លាប់ដំរី ២០០ក្បាលចែកសាច់ដល់ប្រជាជន
ហារ៉ារ៉េ : អាជ្ញាធរស៊ីមបាវ៉េបាននិយាយថា ពួកគេនឹងសម្លាប់សត្វដំរី២០០ក្បាល ដើម្បីយកសាច់ចែកប្រជាជន ដែលកំពុងតែស្រេកឃ្លានស្ទើរតែដាច់ពោះស្លាប់ ដោយសារគ្រោះទុរភិក្សធ្ងន់ធ្ងរជាច្រើនទសវត្សមកហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN។
ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីប្រទេសណាមីប៊ី ដែលស្ថិតនៅទ្វីបអាហ្វ្រិកដូចគ្នា បានប្រកាសថា នឹងសម្លាប់ដំរី និងសត្វព្រៃដទៃទៀតរាប់រយក្បាល ដើម្បីដោះស្រាយបញ្ហាស្រែកឃ្លានរបស់ប្រជាជន ដែលបង្កឡើងដោយគ្រោះរាំងស្ងួតរយៈពេលវែង។
អ្នកនាំពាក្យអាជ្ញាធរសត្វព្រៃស៊ីមបាវ៉េ លោក Tinashe Farawo បានបញ្ជាក់ថា ដោយសារស៊ីមបាវ៉េប្រឈមមុខនឹងគ្រោះទុរភិក្សធ្ងន់ធ្ងររយះពេលយូរ ដូចនេះមានតែសម្លាប់ដំរី២០០ក្បាលប៉ុណោះ ដើម្បីដោះស្រាយបញ្ហាអត់ឃ្លានរបស់ប្រជាជនបានមួយគ្រាសិន។
ទោះបីជាក្រោមហេតុផលអ្វីក៏ដោយ ក៏ការសម្លាប់សត្វព្រៃ ត្រូវបានក្រុមអ្នកការពារសិទ្ធិរបស់សត្វ និងអ្នកអភិរក្សសត្វរិះគន់យ៉ាងខ្លាំង និងទាមទារឱ្យបញ្ឈប់ជាបន្ទាន់។ សព្វថ្ងៃនេះ សត្វដំរីនៅស៊ីមបាវ៉េ មានច្រើនរហូតដល់ជាង ៨៤,០០០ក្បាល ធ្វើឱ្យប្រទេសនេះសម្បូរសត្វដំរីច្រើនលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសបុតស្វាណា៕
ប្រភព ÷ CNN ប្រែសម្រួលដោយ ÷ ឈឹម ទីណា