មូលនិធិអាស៊ី និងនាយករដ្ឋមន្ត្រីកម្ពុជា ឯកភាពគ្នាថា ការអភិវឌ្ឍមូលធនមនុស្ស គឺពិតជាស្នូលដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រទេស
(ភ្នំពេញ)៖ មូលនិធិអាស៊ី និងនាយករដ្ឋមន្ត្រីកម្ពុជា ឯកភាពគ្នាថា ការអភិវឌ្ឍមូលធនមនុស្ស គឺពិតជាស្នូលដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រទេស ។ នេះបើតាមលទ្ធផល នៃជំនួបពិភាក្សាការងាររវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងលោកស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិអង្គការមូលនិធិអាស៊ី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។
លោកស្រី លូរាល់ មីលឺ បានគោរពជម្រាបជូនសម្ដេចធិបតី ដោយសង្ខេប អំពីការងារសំខាន់ៗ របស់អង្គការមូលនិធិអាស៊ី ដែលមានប្រតិបត្តិការនៅប្រទេសចំនួន២០ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងរយៈពេល៧០ឆ្នាំ កន្លងមក និងវឌ្ឍនភាពការងារ នៃភាពជាដៃគូរបស់អង្គការមូលនិធិអាស៊ី នៅប្រទេសកម្ពុជា ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក។
ដោយមានការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអង្គការមូលនិធិអាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា លោកស្រី នាយកប្រតិបត្តិ បានប្ដេជ្ញាបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា តទៀត ជាពិសេស តាមរយ:ការចូលរួមគាំទ្រដល់ក្របខ័ណ្ឌ យុទ្ធសាស្រ្ត និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល។
សម្ដេចធិបតីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូជាមួយអង្គការមូលនិធិអាស៊ី ចំពោះការអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងបាន ចែករំលែកអំពីអាទិភាព និងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្ដេចធិបតី បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការបន្តកសាង មូលធនមនុស្ស ដែលជាមូលដ្ឋាននៃការជំរុញអភិបាលកិច្ច កំណើន និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយដែលកម្មវិធី របស់អង្គការមូលនិធិអាស៊ី នៅកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់។
ជាមួយគ្នានោះដែរ លោកស្រីនាយកប្រតិបត្តិ ក៏បានឯកភាព ជាមួយសម្តេចធិបតី ថា ការអភិវឌ្ឍមូលធនមនុស្ស គឺពិតជាស្នូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ដល់បុគ្គលិកបម្រើការរបស់អង្គការមូលនិធិអាស៊ី៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ