សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់ ទំនាក់ទំនងប្រទេសទាំងពីរ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃប្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលបានរួមចំណែក លើកកម្ពស់ទំនាក់ទំនងកម្ពុជា-ថៃ ។
ការបញ្ចាក់របស់សម្ដេចធិបតី ក្នុងឱកាស អនុញាតិឱ្យឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្នុងឱកាសនៃជំនួប ឯកឧត្តម Cherdkiat Attharkor ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលចប់បេសកកម្មការទូត បានកោតសរសើរការរីកចម្រើនលើវិស័យជាច្រើននៅកម្ពុជា រួមទាំងការរក្សាបាននូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ក្រោយវិបត្តិកូវីដ-១៩។
ឯកឧត្តម ឯកអគ្គរាជទូត បានសម្ដែងនូវសេចក្ដីសោមនស្ស ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសការដំឡើងកម្រិតទំនាក់ទំនងថៃ-កម្ពុជា ដល់ភាពជាដៃគូយុទ្ធសាស្រ្ត ក្រោមការដឹកនាំរបស់សម្តេចធិបតី និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងអាណតិ្តការទូតរបស់ឯកឧត្តម។
សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ ដែលត្រូវបានដំឡើងកម្រិតទៅជាភាព ជាដៃគូយុទ្ធសាស្ត្រ ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅប្រទេសថៃ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ។
សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានផ្លាស់ប្តូរយោបល់ អំពីកិច្ចសហប្រតិបតិ្តការលើវិស័យមួយចំនួន ដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ មានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងសន្តិសុខ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ