ប្រកាសទទួលស្គាល់ប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី
រតនគិរី៖ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានអញ្ជើញ ជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តរតនគិរីកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តរតនគិរី។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ត្រូវបានប្រកាសទទួលស្គាល់ជា ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តរតនគិរី និងឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ត្រូវបានប្រកាសទទួលស្គាល់ជា អនុប្រធានគណៈកម្មាធិការ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី ។
មានប្រសាសន៍ក្នុងឱកាសនេះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹក រលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ,សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាគណៈអធិបតីកិត្តិយស ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណ:កម្មាធិការរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី ទាំងអស់នាពេលនេះ។
សម្តេចកិត្តិសង្គហបណ្ឌិតបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សខេត្តរតនគិរីគ្រប់ថា្នក់ ដែលបានអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងសកម្ម ស្របតាមលក្ខន្តិកៈ និងបេសកកម្មរបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
សម្តេច ម៉ែន សំអន បានរំលឹកអាជ្ញាធរខេត្ត ត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់ឱកាសដល់អ្នកវិនិយោគទុននិងថែរក្សា អ្នកវិនិយោគឱ្យបានល្អ ដើម្បីជាផ្នែកមួយ ក្នុងការជួយជ្រោងសេដ្ឋកិច្ចរបស់ខេត្ត ឱ្យឈានឡើងមួយកម្រិតទៀត។ ចំណែក ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុខដុម នៃសង្គម និងការពារដាច់ខាត នូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។
ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ឯកឧត្តម ញ៉ែម សំអឿន បានប្តេជ្ញាចិត្តថានឹងយកចិត្តទុក ដាក់អនុវត្តតាមស្មារតីលក្ខន្តិកៈ និងសេចក្តីសម្រេចនានារបស់អង្គការរណសិរ្ស,គោរពនិងចូលរួមអនុវត្តតាមកម្មវិធីនយោបាយ របស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ,គាំទ្រនិងរួមចំណែកក្នុងការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ៕
ដោយ៖ឡុង សំបូរ