ស្វីសក្លាយជាប្រទេសល្អដាច់គេលើពិភពលោក
បរទេស៖ នៅឆ្នាំ២០២៤ ប្រទេសស្វីសបានជាប់ចំណាត់ថ្នាក់ជាប្រទេសល្អដាច់គេ នៅក្នុងពិភពលោក ហើយបានគ្រងតំណែងកំពូលមួយនេះ រយៈពេល៣ឆ្នាំ ជាប់ៗគ្នា។ មានហេតុផល៤យ៉ាងប្រទាក់ក្រឡាគ្នា ដែលនាំឲ្យប្រទេសស្ថិតក្នុងតំបន់អឺរ៉ុបកណ្តាលមួយនេះ ក្លាយជារដ្ឋល្អបំផុត រួមមាន ស្ថិរភាពនយោបាយ, សេដ្ឋកិច្ច, ការអប់រំ និងនវានុវត្តន៍ នេះបើតាមការវិភាគប្រទេសល្អបំផុតប្រចាំឆ្នាំ២០២៤ របស់ទីភ្នាក់ងារអាមេរិក U.S. News & World Report ចេញផ្សាយថ្មីៗនេះ។
ប្រភពបានបញ្ជាក់ថា ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច បានផ្តល់សុវត្ថិភាព សម្រាប់សិស្សានុសិស្ស ក្នុងការបន្តគោលដៅសិក្សា និងអាជីពអនាគតរបស់ពួកគេ រួមទាំង ជំនាញនវានុវត្តន៍។ ប្រទេសស្វីសក៏ត្រូវបានទទួលស្គាល់ផងដែរ សម្រាប់គុណភាពជីវិតដ៏ពិសេសជាមួយនឹងទេសភាពដ៏អស្ចារ្យ, ហេដ្ឋារចនាសម្ព័ន្ធលំដាប់កំពូល និង អត្រាឧក្រិដ្ឋកម្ម មានកម្រិតទាប។
លោក Eric Gertler ប្រធាន និងជានាយកប្រតិបត្តិរបស់ US News & World Report បានកត់សម្គាល់ថា ចំណាត់ថ្នាក់នេះ ផ្តល់នូវការយល់ដឹងដ៏មានតម្លៃ អំពីសក្ដានុពលរបស់ប្រទេសជោគជ័យមួយនេះ ហើយក្លាយជាឧបករណ៍សម្រាប់ការសម្រេចចិត្តផ្តល់ទំនុកចិត្ត ពីប្រជាពលរដ្ឋ, អ្នកដឹកនាំអាជីវកម្ម និងរដ្ឋាភិបាលនានា លើពិភពលោក។
ភាពដ៏ល្អឥតខ្ចោះនៃការថែទាំសុខភាព និង ជាគោលដៅទេសចរណ៍ឈានមុខ ក៏បានជះឥទ្ធិពលជាលក្ខណៈសកល ជំរុញឲ្យស្វីស ក្លាយជាប្រទេសល្អដាច់គេលើពិភពលោកផងដែរ នេះបើតាម Insight Discussion៕
ប្រែសម្រួល៖ សារ៉ាត