ការសិក្សាថ្មី៖ គេងយូរចុងសប្តាហ៍ បន្ថយហានិភ័យគាំងបេះដូង
បរទេស៖ ការសិក្សាថ្មីមួយបានបង្ហាញថា ការគេងឲ្យបានយូរ នៅថ្ងៃចុងសប្តាហ៍ អាចកាត់បន្ថយហានិភ័យ នៃការគាំងបេះដូង យ៉ាងមានប្រសិទ្ធិភាព នេះបើតាមការចេញផ្សាយរបស់គេហទំព័រ Hindustan Times នាពេលថ្មីៗនេះ។
បើតាមប្រភព ការស្រាវជ្រាវនេះធ្វើឡើងដោយ មន្ទីរពិសោធន៍ជំងឺឆ្លងនៃមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺសរសៃឈាមបេះដូង នៅមន្ទីរពេទ្យ Fuwai មានទីតាំង នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
ការសិក្សាត្រូវបានធ្វើឡើងទៅលើអ្នកចូលរួមចំនួន ជិត១០ម៉ឺននាក់ ហើយគំរូនៃការគេងរបស់ពួកគេ ត្រូវបានសិក្សា អស់រយៈពេល ១៤ ឆ្នាំ ដោយផ្អែកលើការប្រៀបធៀប រវាងមនុស្សពីរក្រុម គឺក្រុមគេងលក់បានយូរ និងក្រុម១ផ្សេងទៀត ដែលមិនបានគេងយូរ នៅចុងសប្តាហ៍។ លទ្ធផលបង្ហាញថា ហានិភ័យនៃការវិវត្តទៅជាជំងឺបេះដូង ដូចជា ជំងឺខ្សោយបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ជាដើម ត្រូវបានកាត់បន្ថយ សម្រាប់អ្នកគេងបានយូរ ដល់ទៅ១៩ភាគរយ។ ប្រភពបន្តថា ការគេងមិនលក់ រ៉ាំរ៉ៃអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពបេះដូង និងអាចប៉ះពាល់ដល់មុខងាររាងកាយ មួយចំនួនទៀត ផងដែរ។
សម្រាប់ថ្ងៃសប្តាហ៍ធម្មតា រយៈពេលគេងដើម្បីសុខភាពល្អ គឺ យ៉ាងតិច ចន្លោះពី៧ ទៅ៨ម៉ោង ធ្វើឲ្យរាងកាយស្រស់ថ្លា និងមានថាមពលឡើងវិញ នេះបើតាម Hindustan Times ដដែល៕
ប្រែសម្រួល៖ សារ៉ាត