Capella Bangkok ជាប់ជាសណ្ឋាគារល្អបំផុតលើលោក
បរទេស៖ ដោយត្រូវបានបើកដំណើរការក្នុងឆ្នាំ២០២០ សណ្ឋាគារ Capella Bangkok នៅប្រទេសថៃ បានជាប់ចំណាត់ថ្នាក់កំពូលនៃសណ្ឋាគារល្អបំផុតទាំង ៥០ របស់ពិភពលោក ប្រចាំឆ្នាំ២០២៤ ដែលទើបត្រូវបានប្រកាស នាពេលថ្មីៗនេះ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នេះបើតាមកាសែត The Nation។
ប្រភពថា សណ្ឋាគារមួយនេះស្ថិតនៅលើច្រាំងទន្លេចៅប្រាយ៉ា នៃទីក្រុងបាងកក មានបន្ទប់ និងវីឡាចំនួនជាង១០០ ជាមួយនឹងតម្លៃ ចាប់ពី ៦០០ ដុល្លារអាមេរិក ក្នុងមួយយប់។
ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ Capella Bangkok មានវីឡាតាមមាត់ទន្លេធំទូលាយ, មានសួនច្បារឯកជន, អាងហែលទឹក និងសេវាកម្មផ្សេងទៀត ហើយភ្ញៀវក៏អាចរីករាយជាមួយនឹងបទពិសោធន៍វប្បធម៌ថៃ នៅក្នុងសណ្ឋាគារ ផងដែរ។
សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្រៅពីថៃ សណ្ឋាគារនៅសិង្ហបុរី និងឥណ្ឌូនេស៊ី ក៏មានជាប់ក្នុងចំណាត់ថ្នាក់កំពូល នៃសណ្ឋាគារល្អដាច់គេ ទាំង១០ផងដែរ។ កាលពីឆ្នាំមុន សណ្ឋាគារនៅអ៊ីតាលី មានឈ្មោះ Passalacqua បានជាប់លេខ១ ប៉ុន្តែ ពេលនេះធ្លាក់មកលេខ២វិញ៕
ប្រែសម្រួល៖ សារ៉ាត