ខេត្តកែបប្រារព្ធសិក្ខាសាលាស្តីពីនីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់
កែប៖ រួមជាមួយរដ្ឋបាលខេត្តកែប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការ ធ្វើអធិការកិច្ចសំណង់ព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់ ក្រោមអធិបតីភាពរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី ចំនួន២រូប គឺ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ និងឯកឧត្តម ឡៅ ទិព្វសីហា លោក វ៉ៅ សុខា អភិបាលរងខេត្តកែប និងមន្ត្រីជំនាញ ពាក់ព័ន្ធនៅសាលាខេត្តកែប។
លោក វ៉ៅ សុខា អភិបាលរងខេត្តកែប បានបញ្ជាក់ក្នុងសិក្ខាសាលាកាលពីដើមសប្ដាហ៍ ថាសិក្ខាសាលានេះមានសារៈសំខាន់ សម្រាប់មន្ទីរជំនាញ,អាជ្ញាធរដែនដីនិងបណ្តាក្រុមហ៊ុនដែលកំពុងប្រកបអាជីវកម្មលើវិស័យសំណង់ក្នុងខេត្តកែប។នេះជាបទពិសោធន៍។កន្លងទៅក្នុងវិស័យសំណង់នេះតែងកើតមានការប្តឹងផ្តល់រវាងម្ចាស់សំណង់ និងអ្នកម៉ៅការ ដោយកត្តាផ្សេងៗ។ លោកក៏រំពឹងខ្ពស់ដែរថាមន្រ្តីអធិការកិច្ចនឹងចាប់ផ្តើមចុះត្រួតពិនិត្យលើការងារនេះដើម្បីទប់ស្កាត់រាល់វិវាទណាមួយដែលកើតឡើង រវាងអ្នកម៉ៅការ និងម្ចាស់សំណង់ ក្រោយបញ្ចប់ការសាងសង់។
ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា វិស័យសំណង់ដែលជា វិស័យកំពុងមានការរីកចម្រើន ក៏កើតមាននូវបទល្មើសសំណង់ជាច្រើនផងដែរ ដូចជា ការសាងសង់ ការជួសជុលការរុះរើដោយ គ្មានលិខិតអនុញ្ញាតឬការសាងសង់ខុសលិខិតអនុញ្ញាតជាដើម។ប្រឈមនឹងចំណុចអវិជ្ជមាននៃបទល្មើសសំណង់បែបនេះ សូមអាជ្ញាធរដែនដី និងមន្ទីរជំនាញ ក៏ដូចជាបណ្តាក្រុមហ៊ុនដែលកំពុងប្រកបអាជីវកម្មលើវិស័យសំណង់ត្រូវពង្រឹងការ គ្រប់គ្រងលើវិស័យនេះ និង គោរពតាមបទដ្ឋានគតិយុត្តជាធរមាន៕
ដោយ៖ សិលា សារិន