គណៈកម្មការទី១ ព្រឹទ្ធសភា អញ្ជើញទៅកាន់ខេត្តភាគឦសាន ដើម្បីឈ្វេងយល់ពីការអនុវត្តច្បាប់
រតនគិរី៖ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ បានអញ្ជើញទៅកាន់ខេត្តរតនគិរី ដែលជាខេត្តភាគឦសាន។នៅសាលាខេត្តកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ឯកឧត្តមប្រធានគណៈកម្មការបានជួបពិភាក្សាការងារនិងស្តាប់សេចក្តីរាយការណ៍របស់លោក ងិន ណែល អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
បន្ទាប់ពីសេចក្តីរាយការណ៍របស់លោក ងិន ណែល , ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានបញ្ជាក់ថា បេសកកម្មនៅខេត្តរតនគិរីដើម្បីឈ្វេងយល់អំពីដំណើរការវិមជ្ឈការ និងវិសហមជ្ឈការសិទ្ធិរបស់ជនជាតិដើមភាគតិចដែល ទទួលបាននូវកម្មសិទ្ធិដីសមូហភាព ,សិទ្ធិរបស់អ្នកជាប់ឃុំ ,ការអនុវត្តក្រមទាំង៤ និងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងនៅ តំបន់ត្រីកោណអភិវឌ្ឍន៍ក្នុងខេត្តរតនគិរី។
ឯកឧត្តមប្រធានគណៈកម្មការទី១ បានកោតសរសើរចំពោះរដ្ឋបាលខេត្តរតនគិរីដែលជានិច្ចកាលបានយកចិត្តទុកដាក់ ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋដោយឈរលើគោលការណ៍ច្បាប់។
សូមបញ្ជាក់ថា ក្នុងដំណើរបំពេញបេសកកម្មមកកាន់ខេត្តរតនគិរី គណៈប្រតិភូគណៈកម្មការទី១នៃព្រឹទ្ធសភា បានអញ្ជើញ ចុះជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកអូរយ៉ាដាវ សមាជិកក្រុមប្រឹក្សាឃុំបរខាំ ឃុំប៉ាតេ ឃុំលំជ័រ សហគមន៍ ជនជាតិដើមភាគតិច,អង្គការសង្គមស៊ីវិលជនជាតិដើមភាគតិចនិងប្រជាពលរដ្ឋដែលរស់នៅជាប់ព្រំដែនតំបន់ត្រីកោណអភិវឌ្ឍ និងបានអញ្ជើញទស្សនកិច្ចបង្គោលព្រំដែនលេខ២៩ និង៣០ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) នៃច្រកទ្វារអន្តរជាតិព្រំដែនអូរយ៉ាដាវ ដែលស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីផងដែរ៕
ដោយ៖ គតិ យុត្ត