អភិបាលខេត្តកំពង់ធំ សង់ផ្ទះថ្មីមួយខ្នងជូនចាស់ជរានៅឃុំចំណាលើ
កំពង់ធំ៖ ផ្ទះថ្មីមួយខ្នងជាអំណោយរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ត្រូវបានប្រគល់ជូនចាស់ជរា និងមានពិការភាពជាប់ខ្លួន រស់នៅភូមិស្រង់ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំនៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២៤។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានបញ្ជាក់ថា នេះជាផ្ទះទី២ ដែលជាអំណោយឯកឧត្តម នួន ផារ័ត្នជូនចាស់ជរា នៅក្នុងស្រុកស្ទោង។ផ្ទះនេះមានទំហំ ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងស័ង្កសី និងដំបូលស័ង្កសី។
ក្នុងឱកាសនេះលោកបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវ ដែលឯកឧត្តមនិងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ពិសេសគ្រួសារចាស់ជរាហើយមានពិការភាពថែមទៀត។
លោកតា សែម សូត្រ និងលោកយាយ ឆឺន ណូ ដែលបានទទួលផ្ទះថ្មី បានថ្លែងអំណរគុណចំពោះឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវនិងក្រុមការងារដែលបានផ្តល់ជម្រកដ៏កក់ក្តៅដល់គ្រួសាររបស់លោកតា៕
ដោយ៖ប៊ុន រដ្ឋា