សិក្ខាសិលាពិគ្រោះយោបល់ថ្នាក់តំបន់ការអនុវត្តគោលនយោបាយជាតិស្ដីពីដំឡូងមីឆ្នាំ២០២០-២០២៥
កំពង់ធំ៖ សិក្ខាសិលាពិគ្រោះយោបល់ថ្នាក់តំបន់ការអនុវត្តគោលនយោបាយជាតិស្ដីពីដំឡូងមីឆ្នាំ២០២០-២០២៥បានប្រព្រឹត្ត ទៅនៅសាលប្រជុំសាលាខេត្តកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ កុសលអនុរដ្ឋលេខា ធិការក្រសួងពាណិជ្ជកម្ម លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ លោក លោកស្រី តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ និងមន្ទីរពាក់ព័ន្ធនានា។
វិស័យដំឡូងមីក្នុងខេត្តកំពង់ធំមានបញ្ហាប្រឈមមួយចំនួនដូចជា កង្វះការប្រមូលផ្ដុំទៅថ្នាក់មូលដ្ឋានកង្វះសហគមន៍ ដំឡូងមី សមាគមដំឡូងមី ក្រុមផលិតឬបណ្ដុំអាជីវកម្មជាដើម។នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ុ កុសល ។ឯកឧត្តមបន្ថែមថា ក៏នៅមានបញ្ហាផ្សេងៗមួយចំនួនទៀតដូចជា កង្វះទុន បច្ចេកទេសការជ្រើសរើសពូជ ការថែទាំ ក្រោយពីការប្រមូលផល, កង្វះរោងចក្រកែច្នៃក្នុងស្រុកទៅជាចំណីសត្វ ម្សៅមី ,បាត់ឱកាសតថ្លៃ ,កង្វះផែនការផលិតកម្ម,កង្វះការកត់ត្រាចំណូល ចំណាយអាជីវកម្ម និងការដឹកជញ្ជូនមានតម្លៃខ្ពស់ជាដើម។
ទាក់ទងនឹងគោលនយោបាយជាតិស្ដីពីដំឡូងមី ឯកឧត្តម អ៊ុ កុសល បញ្ជាក់ថា នេះគឺជាផែនទីបង្ហាញផ្លូវសម្រាប់ស្ថាប័ន និងប្រតិបត្តិករទាំងអស់យកធ្វើជាមូលដ្ឋានក្នុងការរៀបផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យនេះប្រកបដោយចីរភាព។ ចក្ខុវិស័យនៃឯកសារគោលនយោបាយជាតិស្ដីពីដំឡូងមី២០២០-២០២៥នេះគឺដើម្បីកសាងមូលដ្ឋានផលិតកម្មដំឡូងនេះប្រកប ដោយនិរន្តភាព សម្រាប់ការកែច្នៃប្រកបដោយគុណភាព ដើម្បីប្រកួតប្រជែងនៅលើទីផ្សារនិងមានគោលបំណងធ្វើឱ្យ ប្រទេសកម្ពុជាក្លាយជាទីតាំងផលិតនិងកែច្នៃដំឡូងមីនិងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក៕
ដោយ៖ប៊ុន រដ្ឋា