អភិបាលខេត្តកណ្តាល ៖ វត្តប៉ាកណាម មិនស្ថិតក្នុងទឹកដីវៀតណាម ដូចការចោទប្រកាន់ពីសំណាក់បុគ្គលមួយចំនួននោះទេ

(កណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បញ្ជាក់អំពីទីតាំងបង្គោលព្រំដែន (កម្ពុជា-កូសាំងស៊ីន) នៅក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ដែលត្រូវបានរក្សាការពារ ដ៏រឹងមាំនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ហើយវត្តប៉ាកណាម មិនស្ថិតនៅក្នុងទឹកដីរបស់វៀតណាម ដូចការចោទប្រកាន់ពីសំណាក់បុគ្គលមួយចំនួនតូចនោះទេ។

នៅក្នុងឱកាសចុះពិនិត្យបង្គោលព្រំដែន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អភិបាលខេត្តកណ្តាល ក៏បានទទូចសុំអ្នកអត្ថាធិប្បាយដែលលើកយករឿងព្រំដែនប្រឌិតជាព័ត៌មានមិនពិត សូមមេត្តាផ្តល់យុត្តិធម៌ ដល់កងកម្លាំងដែលបានខិតខំការពារបូរណភាពទឹកដីផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្តកណ្តាល បានទទូចសុំដល់ប្រជាពលរដ្ឋ និងអ្នកអត្ថាធិប្បាយដែលអះអាងថា ស្រឡាញ់ជាតិ សូមធ្វើការអត្ថាធិប្បាយ ឱ្យបានសមស្រប ហើយច្បាស់ គឺត្រូវមកមើលឱ្យច្បាស់នឹងភ្នែកពីបង្គោលព្រំដែន នោះវានឹងផ្តល់យុត្តិធម៌សម្រាប់យើងទាំងអស់គ្នា។

ឯកឧត្តម បានបញ្ជាក់ថា ចំពោះការចោទប្រកាន់ថា វត្តប៉ាកណាម គឺស្ថិតនៅក្នុងទឹកដីរបស់វៀតណាម គឺជារឿងមិនពិត ខណៈវត្តមានចម្ងាយពីបង្គោលព្រំដែនជាង ៨០០ម៉ែត្រ។ ប្រសិនបើតំបន់នេះជាទឹកដី របស់វៀតណាម នោះយើងទាំងអស់គ្នាមិនអាចមកឈរនៅទីនេះបាននោះទេ។

ឯកឧត្តម អភិបាលខេត្តបានបន្ថែមថា៖ «នៅរដូវប្រាំងលោកមានគម្រោងរៀបចំដំណើរទស្សនកិច្ចរបស់ក្រុមយុវជនមកមើលឱ្យបានច្បាស់ពីពីស្ថានភាព និងទិដ្ឋភាពបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ហើយរួមគ្នាបញ្ចេញមតិដើម្បីថែរក្សា ការពារទឹកដីរបស់យើង យើងអត់ចង់ពន្លើសទៅគេ ប៉ុន្តែ យើងមិនត្រូវអនុញ្ញាតឱ្យគេបង្ខួចយើងដែរ»។

ឯកឧត្តម គួច ចំរើន បានសង្កត់ធ្ងន់ៗថា យើងមិនអនុញ្ញាតឱ្យអ្នកសម្តែងមតិដោយបំពាន ឬក៏មិនផ្តល់យុត្តិធម៌ ដល់អ្នកដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី។ «ខ្ញុំនៅតែបញ្ជាក់ម្តងហើយ ម្តងទៀត ខ្ញុំពិតជាមានការគោរពកងកម្លាំងយើងទាំងនគរបាល ទាំងកងទ័ព ដែលឈរជើងការពារព្រំដែន ដោយពួកគាត់ខិតខំដើរល្បាត រហូតសឹងផ្លូវមិនមែនជារឿងធម្មតានោះទេ»៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner