ប្រជាពលរដ្ឋ២ ៥០០នាក់ បានចុះឈ្មោះនិងបន្តចុះឈ្មោះទស្សនកិច្ចប៉ែកឦសាន

ភ្នំពេញ៖ មកទល់ពេលនេះ មានប្រជាពលរដ្ឋកម្ពុជាចំនួនប្រមាណ ២ ៥០០ នាក់ហើយ មកពីគ្រប់មជ្ឈដ្ឋាន បានចុះ និងបន្តចុះ​ឈ្មោះ​តាមប្រព័ន្ធអនឡាញ ដោយបានបំពេញព័ត៌មានរបស់ខ្លួនងាយៗ ដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់បណ្តា​ខេត្តស្ថិត​នៅតាមបណ្តោយក្រវាត់ព្រំដែន ប៉ែកឦសាននៃប្រទេសកម្ពុជា។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខា​ធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាននៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ។

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ចំនួននេះគឺរាប់ចាប់តាំងពីថ្ងៃនៃការបើកការចុះឈ្មោះដំបូងមកកាលពីចុងខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។ សម្រាប់ដំណើរទស្សនកិច្ចថ្ងៃទី២១ ខែកញ្ញា ខាងមុខនេះ ក្រុមអ្នករៀបចំបានកំណត់រួចហើយនូវចំនួនអ្នក​ត្រូវទៅ​ចូលរួមទាំង២០០នាក់ សម្រាប់ទស្សនកិច្ចលើក/ជើងទី៣ ក្នុងក្របខណ្ឌនៃការរៀបចំដំណើរទស្សនកិច្ចពលរដ្ឋរយៈពេល១ថ្ងៃ ក្នុងតម្រាយផ្លូវចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ,ក្រចេះ និងមណ្ឌលគិរី រួចវិលត្រលប់មករាជធានីភ្នំពេញវិញ​នៅថ្ងៃដដែល។ បញ្ជីឈ្មោះប្រជាពលរដ្ឋទាំង២០០នាក់ ដែលត្រូវធ្វើទស្សនកិច្ចនៅថ្ងៃទី២១ ខែកញ្ញានេះ ត្រូវបានក្រុមអ្នករៀបចំ​ផ្សព្វផ្សាយហើយ ។រីឯអ្នកត្រូវទៅចូលរួមកំពុងចូលរួមក្នុងកិច្ចប្រជុំនារសៀលនេះដើម្បីត្រៀមរៀបចំខ្លួន ក៏ដូចជាដើម្បីទទួលព័ត៌មាន​ស្តី​ពីកម្មវិធីធ្វើដំណើរ ការសម្របសម្រួលការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចនេះ និងព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការងារ​ព្រំដែន សម្រាប់ប្រជាពលរដ្ឋបានការយល់ដឹងបន្ថែម និងស្វែងយល់ឱ្យស៊ីជម្រៅទៀតជុំវិញការគ្រប់គ្រងតំបន់ក្រវាត់ព្រំដែន និងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដីកម្ពុជា។

ដោយឡែកការចុះឈ្មោះសម្រាប់កម្មវិធីទស្សនកិច្ចថ្ងៃទី២៨ ខែកញ្ញា ក៏បានប្រព្រឹត្តទៅយ៉ាងរលូននិងជាហូរហែ។ ឯកឧត្តម ទេព អស្នារិទ្ធ បានបន្ថែមថា ការចុះឈ្មោះសម្រាប់ដំណើរទស្សនកិច្ចថ្ងៃទី២១ និង២៨ ខែកញ្ញា មានចំនួនសរុប ប្រមាណ ១ ៥០០ នាក់ សម្រាប់ថ្ងៃទាំងពីរនេះ ដោយក្រុមអ្នករៀបចំនឹងសម្របសម្រួលការចូលរួមជាបន្តបន្ទាប់ទៅតាមជើងធ្វើដំណើរមួយលើកៗ។

អ្នកនាំពាក្យដដែលបានកត់សម្គាល់ថា ចូលរួមដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋក្នុងដំណើរទស្សនកិច្ចនេះ គឺជាសក្ខីកម្មរស់ដោយ​ប្រជា​ពលរដ្ឋ ដែលបាន​មើលឃើញដោយផ្ទាល់អំពីការពិតនៃការគ្រប់គ្រង ការការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជាពលរដ្ឋ​ដែល​បានទៅដល់តំបន់ក្រវាត់ព្រំដែនរួចហើយ បានចែករំលែកបទពិសោធន៍ល្អដែលបានទទួលពីការរៀបចំដំណើរទស្សនកិច្ច​នៅប៉ែកឦសាន នេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រដ្ឋលេខាធិការដ្ឋាន​ទទួលបន្ទុកកិច្ចការព្រំដែន ព្រមមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរ មន្ត្រីជំនាញខាងព្រំដែនផងដែរ ដើម្បីផ្តល់ជូនដល់​ប្រជាពលរដ្ឋនូវបទពិសោធន៍ដំណើរទស្សនកិច្ចមួយដែលពោរពេញដោយចំណេះដឹង និងភាពសប្បាយរីករាយ ជាពិសេសបង្កឱកាស​ក្នុងការកសាងបន្ថែមនូវសាមគ្គីភាពជាតិកម្ពុជាតែមួយរឹងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹក​ដីឱ្យស្ថិតនៅគង់វង្សជា​ដរាបមិនឱ្យ​បាត់សូម្បី ១មីលីម៉ែត្រឡើយ។ ជាងនេះទៀតប្រជាពលរដ្ឋបានចូលរួមផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីសកម្មភាពនានានៃទស្សនកិច្ច​ទាំងពីរលើកកន្លងទៅ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានការសាទរពីប្រជាពលរដ្ឋ និងយុវជនទាំង​អស់ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចប្រភេទនេះ ដែលជាទស្សកិច្ចពលរដ្ឋលើកដំបូងបង្អស់សម្រាប់កម្ពុជា ឬអាចថាក្នុង​តំបន់ទាំងមូលក៏ថាបាន។

អ្នកនាំពាក្យក្រសួងព័ត៌មានបានគូសរំលេចថា ចំណុចដែលពិសេសនោះគឺការបង្ហាញនូវទឹកចិត្តពិតរបស់ប្រជាពលរដ្ឋដោយ​ប្រជាពលរដ្ឋ​ខ្លួនឯងផ្ទាល់ ស្តីពីភាពពិត និងស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន ការការពារអធិតេយ្យភាព​ជាតិនិងបូរណភាពទឹកដីដោយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពីភាពរីកចម្រើនជាក់ស្តែងយ៉ាងច្រើនខាងផ្នែកសង្គម-សេដ្ឋកិច្ច ទាំងការអភិវឌ្ឍផ្នែកជីវភាពរស់នៅនិងសុខសុវត្ថិភាពក្នុងសហគមន៍មូលដ្ឋាន និងការរីកចម្រើនខាងវិស័យហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងតំបន់ក្រវាត់ព្រំដែន ក៏ដូចជាក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី ផងដែរ។ដំណើរទស្សនកិច្ចពលរដ្ឋ​នេះ​បាន​ក្លាយជាទឡ្ហីករណ៍រស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្ត​បេសកកម្មការពារ​អធិបតេយ្យភាព បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់។ ដំណើរទស្សនកិច្ចនេះក៏បានបង្កើតនូវរូបភាពវិជ្ជមានមួយបន្ថែមទៀតសម្រាប់ជាតិកម្ពុជាទាំងមូល និងដើម្បីបង្ហាញដល់សកលលោកឱ្យបានដឹងថាកម្ពុជាមានសាមគ្គីភាពរឹងមាំជាធ្លុងមួយក្នុងភាពជាម្ចាស់ប្រទេស ដោយមិនអនុញ្ញាត​ឱ្យបាត់បង់ទឹកដីសូម្បី១មីលីម៉ែត្រ សោះឡើយ ហើយប្រជាជនកម្ពុជានឹងបន្តរួមកំលាំងសាមគ្គីគ្នាដើម្បីចូលរួមជា​មួយរាជរដ្ឋាភិបាល​ក្នុងសកម្មភាពអភិវឌ្ឍនានា ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ និងបំផ្លាញចោលរាល់ការបំភ្លៃការពិតពីសំណាក់​ក្រុមជ្រុលនិយមក្រៅច្បាប់មួយក្តាប់តូច ដើម្បីរួមចំណែកថែរក្សាស្ថិរភាពក្នុងសង្គម និងចូលរួមក្នុងសកម្មភាពដើម្បីកំណើនសេដ្ឋកិច្ច។

សូមរំលឹកជូនផងដែរថា ទស្សនកិច្ចនេះជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយថវិកា​សម្រាប់ការ​ចំណាយគឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ។ ថវិកានេះជាថវិកាផ្ទាល់របស់សម្តេចធិបតី និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលជាថវិកាដោយឡែក មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ។
ទស្សនកិច្ចនេះបានចាប់ផ្តើមជើងដំបូងនៅថ្ងៃសៅរ៍ទី៧ ខែកញ្ញា ឆ្នាំ២០២៤។ទស្សនកិច្ចនេះនឹងធ្វើរៀងរាល់ថ្ងៃសៅរ៍នៃសប្ដាហ៍នីមួយៗ ដែលមានក្រសួងព័ត៌មានជាអ្នកសម្របសម្រួល។ពិសេសឯកឧត្តម
នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានចូលរួមដោយផ្ទាល់ផងដែរ៕


ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner