នាយករដ្ឋមន្ត្រី ៖ រយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលរក្សា បាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងបន្តពង្រឹងពង្រីកទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសជាមិត្ត

(ភ្នំពេញ)៖ ក្នុងសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលរក្សា បាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងបន្តពង្រឹងពង្រីកទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសជាមិត្ត ។

សម្ដេចធិបតី បានបន្តថា ចាប់តាំងពីថ្ងៃដំបូង នៃការចូលកាន់ដំណែង រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងសមទ្ធិផលថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ ដោយឈរលើសមទ្ធិផលទាំងឡាយ ដែលកើតចេញពីការដឹកនាំដ៏ឈ្លាវ៉ៃ និងប៉ិនប្រសព្វ ប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលមុនៗ តាមរយ:ការអនុវត្តយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណទាំង ៤ដំណាក់កាល ។

សម្ដេចថា ក្នុងស្មារតីនេះ ដើម្បីតាមកម្មវិធីនយោបាយសម្រាប់ នីតិកាទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធសាស្ត្រ បច្ចុកោណ ដំណាក់កាលទី១ ដើម្បី «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចេរភាព» ដោយបន្តផ្តោតសំខាន់ លើរបៀបវារ:ធានាប្រសិទ្ធភាព សមទ្ធិកម្ម តាមរយ:ការអនុវត្ត អភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ។ ជាមួយនឹងការកំណត់យកអាទិភាពគន្លឹះ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេស បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងតម្រូវការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់សម្រាប់ការឈាន ទៅសម្រេចបាន នៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ជាមួយនឹងការខិតខំ យ៉ាងប្តូរផ្តាច់ឥតរាថយ ទោះបីស្ថិតក្នុងដំណាក់កាល ដែលសភាពការណ៍សកល មានការវិវត្តន៍ប្រកបដោយភាពស្មុគស្មាញ ពោរពេញដោយភាពមិនប្រាកដប្រជាខ្ពស់ និងពិបាកប៉ាន់ស្មាន ក៏រាជរដ្ឋាភិបាល នៅតែបានចាប់ផ្តើម នឹងកំពុង បន្តធ្វើដំណើរយ៉ាងស្វាហាប់នៅគន្លងវិជ្ជមាន ហើយសម្រេចបាន នូវសមិទ្ធផលសំខាន់ៗជាច្រើនជាបន្តបន្ទាប់ ជូនប្រជាជាតិកម្ពុជា ពិសេស គឺការរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ការបន្តពង្រឹង និងពង្រីកនៅទំនាក់ទំនងល្អជាមួយ បណ្តាប្រទេស ជាមិត្តជាដៃគូរសហប្រតិបត្តិការសំខាន់ៗ ទាំងក្នុងក្របខណ្ឌទ្វេភាគី និកងពហុភាគី ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សូមសម្តែងនៅការកោតសរសើរ អស់ពីដួងចិត្ត និងសូមថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្រ ជូនចំពោះអង្គរដ្ឋសភា ដែលជានិច្ចជាកាល ក្នុងជាស្ថាប័ននីតិប្បញ្ញត្តិ ដែលទទួលបាននូវសេចក្តីទុកចិត្ត យ៉ាងពេញលេញពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស តែងតែបង្ហាញពីការបេ្តជ្ញាចិត្តខ្ពស់ នៅក្នុងការបម្រើប្រជាជាតិ និងផ្តល់នូវការគាំទ្រសព្វបែបយ៉ាងដល់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងជម្រុញការអភិវឌ្ឍន៍លើគ្រប់វិស័យ សេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីបុព្វហេតុជាតិ និងប្រជាជន ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ ហេង សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner