សិក្ខាសាលាស្ដីពីការបញ្ចប់គម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាត និងអនាម័យជនបទ ជំហានទី ៣
(ភ្នំពេញ)៖ សិក្ខាសាលាស្ដីពី ការបញ្ចប់គម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាត និងអនាម័យជនបទ ជំហានទី ៣ ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដី ក្រសួងអភិវឌ្ឍន៍ជនបទ ។
ឯកឧត្ដម ស៊្រិន ពុទ្ធី ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងជានាយកគម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាត បានស្វាគមន៍និងបញ្ជាក់ថា ៖ គម្រោងផ្គត់ផ្គង់ទឹកជនបទ បានដំណើរការតាំងពីឆ្នាំ២០០៦ មក ជាដំណាក់កាលពី១ ហើយបច្ចុប្បន្នបានបញ្ចប់ដំណាក់កាលទី៣ ដែលគម្រោងទាំងនេះគាំទ្រហិរញ្ញប្បទានឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ី ADB។
ដើម្បីសម្រេចបាននូវទស្សនៈវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០២៥ ដែលចែងថា “ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យ ប្រកបដោយនិរន្ដរភាព” យើងបានបន្តអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាត និងអនាម័យជនបទជំហានទី ៣ នៅខេត្តគោលដៅចំនួន ១០ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ កំពត និងកំពង់ស្ពឺ ដែលមានរយៈពេល ០៥ ឆ្នាំ គឺអនុវត្តពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤ ដោយបន្តជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ។
ឯកឧត្ដម ស៊្រិន ពុទ្ធ បានលើកឡើងពីសមិទ្ធផលរបស់គម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាត និងអនាម័យជនបទជំហានទី ៣ សម្រេចបាន ៖ ស្តារស្រះសហគមន៍ដែលមានបំពាក់អាងចម្រះបានចំនួន ៤៥ ,ជួសជុលអណ្តូងលូបានចំនួន ៧០អណ្ដូង , អណ្ដូងស្នប់ចំនួន ១២១អណ្ដូង សាងសង់អណ្តូងស្នប់ថ្មីបានចំនួន ២៧១៤អណ្ដូង, ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍បានចំនួន ០៩ ប្រព័ន្ធ , អាងត្រងទឹកភ្លៀងផ្លាស្ទីកចំណុះ ១០.០០០ លីត្រ បានចំនួន១៤៦អាង , អាងត្រងទឹកភ្លៀងផ្លាស្ទីកចំណុះ ១០.០០០លីត្រ ដែលបំពាក់ធុងចម្រុះបានចំនួន០៤ ,ពាងត្រងទឹកភ្លៀងគ្រួសារចំណុះ១.០០០ លីត្រ ចំបាននួន១២១.៩៧៤ពាង, ស្ថានីយផលិតទឹកស្អាតពីបរិយាកាសសហគមន៍ចំនួន ០៥ស្ថានីយ៍, ធុងដកជាតិដែកបានចំនួន ៦៩ធុង ។ ក្នុងនោះបានពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មអនាម័យជនបទដោយសាងសង់បង្គន់អនាម័យសម្រាប់គ្រួសារបានចំនួន១២.៣៨២បង្គន់ និងបង្គន់សាធារណៈបានចំនួន ១៤៧បង្គន់ ។ បានជំរុញប្រជាពលរដ្ឋឲ្យសាងសង់បងន់ដោយថវិកាខ្លួនឯងបានចំនួន ២៥.១០៣បង្គន់ និងបានជម្រុញ ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ នេះ ឃុំ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលបាន ៤៣ឃុំ ។
មានប្រសាសន៍បើកសិក្ខាសាលា ឯកឧត្ដម នួន ដាញ៉ិល បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារផ្គត់ផ្គង់ទឹកជនបទ ជាពិសេសគម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាត និងអនាម័យជនបទ ជំហានទី ៣ ដែលជាការរួមចំណែកក្នុងចក្ខុវិស័យគោលនយោបាយ និងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល “នៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព”។
ឯកឧត្ដមបានបន្តថា ដើម្បីសម្រេចបាននូវទស្សនៈវិស័យនៃគោលនយោបាយនេះ នៅឆ្នាំ ២០១៤ រាជរដ្ឋាភិបាលបានអនុម័តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ ឆ្នាំ ២០១៤-២០២៥ ក្នុងគោលបំណងធ្វើឲ្យប្រជាជននៅជនបទ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ១០០ ភាគរយ នៅឆ្នាំ ២០២៥ ៕
ប្រភព ៖ ក្រសួងអភិវឌ្ឍន៍ជនបទ