បញ្ជ្រាបការយល់ដឹងពីបេតិកភណ្ឌ នាំសិស្សសាលាបឋមសិក្សា២០០នាក់មកទស្សនកិច្ចសិក្សាប្រាសាទបន្ទាយសំរ៉ែ
ភ្នំពេញ៖សិស្សានុសិស្សចំនួន២០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល នៅថ្ងៃទី១៩ និង២០ ខែកញ្ញា ឆ្នាំ២០២៤បានមកទស្សនកិច្ចសិក្សាអំពីកិច្ចការងារអភិរក្សប្រាសាទបន្ទាយសំរ៉ែនៅ បន្ទាប់ពីបានសិក្សាអំពីទ្រឹស្តីនៅក្នុងថ្នាក់រៀនអស់រយៈពេលជាច្រើនខែមក។ពួកគេជាសិស្សថ្នាក់ទី៥ ចំនួន២ថ្នាក់ និងសិស្សថ្នាក់ទី៦ ចំនួន២ថ្នាក់ នៃសាលាបឋមសិក្សាក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា គោលបំណងដឹកនាំសិស្សានុសិស្សមកទស្សនកិច្ចសិក្សានៅប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជា នៅតំបន់រមណីយដ្ឋានអង្គរនេះ គឺដើម្បីឱ្យកុមារដែលរស់នៅក្បែររមណីយដ្ឋានអង្គរ បានសិក្សាស្វែងយល់ពីអរិយធម៌ ការរៀបចំរមណីយដ្ឋានអង្គរ ជាពិសេសបង្ហាញនូវភាពជាក់ស្តែង នៃកិច្ចការពារ ថែរក្សា អភិរក្ស ការងារគ្រប់គ្រង និងការអភិវឌ្ឍដោយចីរភាពជាយូរអង្វែងសម្រាប់តំបន់អង្គរ។
ដើម្បីបណ្តុះគំនិតយុវជនជំនាន់ក្រោយឱ្យបានយល់ដឹងអំពីការថែរក្សាបេតិកភណ្ឌ ចាប់តាំងពីឆ្នាំ២០០៧មកអាជ្ញាធរជាតិអប្សរា មានវគ្គបណ្តុះបណ្តាលមួយដល់សិស្សានុសិស្សរស់នៅតំបន់បេតិកភណ្ឌ មាននៅ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ៕
ដោយ៖ម៉ាដេប៉ូ