ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមន្រ្តីក្រសួងនិងមន្ទីរអភិវឌ្ឍន៍ជនបទបីខេត្ត អញ្ជើញសួរសុខទុក្ខអង្គភាពសម្ព័ន្ធមេត្រី
បាត់ដំបង៖ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទអមដំណើរដោយលោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង មេបញ្ជាការរងយោធភូមិភាគទី៥ រួមនិងថ្នាក់ដឹកនាំនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ បានអញ្ជើញសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចថ្មើរជើងលេខ៥២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
សម្ដែងនូវការស្វាគមន៍វត្តមានគណៈប្រតិភូដែលបានអញ្ជើញនៅដល់ផ្ទាល់ក្នុងសប្ដាហ៍នេះ ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២បានបង្ហាញនូវមនោសញ្ចេតនាត្រេកអររំភើបរីករាយឥតឧបមា ចំពោះគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ រួមសុខរួមទុក្ខ និងតែងគិតគូរពីសុខទុក្ខនិងពីការលំបាករបស់កងកម្លាំងប្រដាប់អាវុធជាប់ជាប្រចាំ ដោយបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនដល់កងពលតូចថ្មើរជើងលេខ៥២ទាំងស្មារតី សម្ភារៈ ថវិកា សម្រាប់កសាងអង្គភាព។នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ពីការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមរភូមិមុខនិងសមរភូមិក្រោយរវាងមន្ត្រីរាជការស៊ីវិលជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
ក្នុងឱកាសនេះដែរឯកឧត្តម អ៊ិន ចន្ថា បានរំលេចនូវការដឹងគុណ និងការ ” អរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ ដឹងគុណសម្ដេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេ្ទសក៍ឯកនិងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ “។ឯកឧត្តមបានកោតសរសើរចំពោះយោធិនទាំងអស់ ដែលជានិច្ចជាកាលតែងតែខិតខំពុះពារ ព្យាយាមជម្នះឧបសគ្គតូចធំគ្រប់បែបយ៉ាង និងប្រកៀកស្មាគ្នាការពារជាតិមាតុភូមិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ហើយក៏បានសហការយ៉ាងល្អជាមួយអាជ្ញាធរមូលដ្ឋាននិងគ្រប់សមត្ថកិច្ចពាក់ព័ន្ធ។
នៅក្នុងឱកាសនោះឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបាននាំយក នូវអំណោយដ៏ថ្លៃថ្លាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន អង្ករចំនួន ៣តោនមី១០០កេស,ទឹកសុទ្ធ៥០កេស,ស្ករស២០០
គីឡូក្រាម, ទឹកស៊ីអ៊ីវ៥០យួរ, ទឹកត្រី៥០យួរ,ប្រេងឆា ១៥០លីត្រ,នំអន្សម ៥០០នំ និង ថវិកាចំនួន ៣៤លានរៀល)ផងដែរ៕./.
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.