ភូមិវត្តបូព៌ដាក់ឱ្យដំណើរការគម្រោង​សហគមន៍ទេសចរណ៍ បន្ទាប់​ពីជាប់ក្នុង​ចំណាត់ថ្នាក់ជាទីតាំងដ៏សែន​មនោរម្យរបស់​ពិភពលោក

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប​បានដាក់ឱ្យ​ដំណើរ​ការ​គម្រោង​សហគមន៍ទេសចរណ៍ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះដោយផ្តើមចេញពី​ផ្លូវលេខ២៦ នៃភូមិវត្តបូព៌។នេះជាផលិតផលទេសចរណ៍ថ្មី នៅ​កណ្តាលក្រុងសៀមរាប បន្ទាប់ពីភូមិវត្តបូព៌ទាំងមូល បានជាប់ចំណាត់​ថ្នាក់លេខ៣ ក្នុងបញ្ជីចំណាត់ថ្នាក់ទីតាំង​ដ៏សែន​មនោរម្យ​ទាំង៥១ លើពិភពលោក។

គម្រោងនេះជាការអនុវត្តរួមគ្នារវាងអាជ្ញាធរខេត្តសៀមរាប និង​ភាគី​ពាក់ព័ន្ធ រួមជាមួយប្រជាពលរដ្ឋក្នុងភូមិវត្តបូព៌ផងដែរ។លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបមានប្រសាសន៍ក្នុងពិធីសម្ពោធថា ភូមិវត្តបូព៌ ទាំងមូល បានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងបញ្ជី​ចំណាត់ថ្នាក់ទីតាំងដ៏សែនមនោរម្យទាំង៥១ លើពិភពលោក ដោយគេហទំព័រ​ទេសចរណ៍ Time Out ដ៏ល្បីល្បាញរបស់​ប្រទេសអង់គ្លេសប្រចាំឆ្នាំ២០២២។ ចំណាត់ថ្នាក់ Time Out ដែលត្រូវបានផ្សាយបន្តដោយ CNN ផងដែរនោះ មានការសរសេរ​រៀបរាប់ពីសកម្មភាពដែលទេសចរគួរធ្វើនៅភូមិវត្តបូព៌ ដែលជាកន្លែងផ្សារភ្ជាប់នឹងវប្បធម៌ដ៏​ចំណាស់​របស់ខេត្តសៀមរាប ជាពិសេស​សំណង់ស្ថាបត្យកម្មដ៏ចំណាស់របស់វត្តរាជបូព៌។ទីអារាមមួយនេះក៏នឹងគ្រោងសាងសង់នូវសារៈមន្ទីរ តម្កល់វត្ថុបុរាណសរុបប្រមាណ ២.៥៧៥វត្ថុ ដែលមានអាយុ​កាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ សម្រាប់​ជាប្រយោជន៍ដល់ការសិក្សាស្រាវ​ជ្រាវ របស់សិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលើ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរបុរាណ។

ដោយឃើញពីភាពសម្បូរបែបទាំងការរស់នៅ បណ្តុំអាជីវកម្មខ្មែរ បរទេស សាលារៀន និងវត្តអារាម រដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចសហការរបស់ GIZ និងប្រតិបត្តិករទេសចរណ៍ អាជីវករ បានសម្រេចបង្កើតគម្រោងសហគមន៍ភូមិវត្តបូព៌ ថ្មីនេះឡើង ដោយជ្រើសយកកំណាត់ផ្លូវលេខ២៦ ។

លោក យុន លីណេ បានបន្តថា សម្រាប់ជាគម្រោងសាកល្បង ដែលផ្តោតសំខាន់លើបរិស្ថានបៃតង សុខសុវត្ថិភាព និងមិនឱ្យ​មានការរំខានដោយសំឡេង ជាពិសេសត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងប្រពៃណីដែលមានស្រាប់ ដើម្បីទាក់ទាញភ្ញៀវទេស​ចរជាតិ-អន្តរជាតិ មកទស្សនា ក៏ដូចជាមកស្នាក់នៅក្នុងខេត្តសៀមរាប។

លោកអភិបាលរងខេត្តបញ្ជាក់បន្ថែមថា ក្នុងក្របខ័ណ្ឌលើក​កម្ពស់​វិស័យ​ទេសចរណ៍ខេត្តសៀមរាប , រដ្ឋបាលខេត្តបាន​និងកំពុងពង្រឹង និងពង្រីកវិសាលភាព នៃការបម្រើសេវាកម្មទេសចរណ៍​ឱ្យកាន់តែល្អ​ប្រសើរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់​អគ្គិសនី​ប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺផ្លូវសាធារណៈ ការកែលម្អសោភ័ណភាពក្រុង និងតំបន់ក្នុងក្រុងឱ្យកាន់តែមានភាពល្អប្រសើរ ពិសេសលើកិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងការអភិវឌ្ឍទេសចរណ៍​ប្រកបដោយ​និរន្តរភាព លើកិច្ចការពារ​និងអភិរក្សធនធានធម្មជាតិ និងសម្បត្តិវប្បធម៌​ដ៏សម្បូរបែប ដែលបានជំរុញខេត្តសៀមរាបឱ្យក្លាយជាទីផ្សារ​ទេសចរណ៍ដ៏សំខាន់​សម្រាប់តំបន់ ក៏ដូចជាសម្រាប់ជាតិទាំងមូល៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner