ថៃហាមថតរូបរៀបការនិងពិធីស្រោចទឹកនៅក្នុងវត្ត
បាងកក៖ ដើម្បីបញ្ចៀសអាកប្បកិរិយា ដូចជា ការឡើងលើព្រះវិហារ ឬសំណង់ផ្សេងៗទៀត នៅក្នុងវត្ត និងរំខានដល់ការប្រតិបត្តិសាសនាបន្តទៀត ការថតរូប ឬ ថតជាវីដេអូរៀបការ និងពិធីស្រោចទឹក ព្រមទាំង សកម្មភាពថតដើម្បីគោលដៅពាណិជ្ជកម្មផ្សេងៗទៀត ត្រូវបានហាមឃាត់ លែងឲ្យមានទៀតហើយ នៅក្នុងវត្ត Rajabopit ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ។ នេះបើតាមការចេញផ្សាយរបស់កាសែត Thai PBS នាពេលថ្មីៗនេះ។
សេចក្តីសម្រេចនេះបានធ្វើឡើង ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ពោលគឺបន្ទាប់ពីមានឧប្បត្តិហេតុ ដែលពាក់ព័ន្ធនឹងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬ Influencer បានប្រើប្រាស់ព្រះវិហារក្នុងវត្ត ជាផ្ទាំងខាងក្រោយ សម្រាប់ការផ្សព្វផ្សាយផលិតផល ដែលបង្កឱ្យមានការរំខាន។
វត្ត Rajabopit ដែលស្ថិតនៅជិតព្រះបរមរាជវាំង ត្រូវបានកសាងឡើង ក្នុងរជ្ជកាលព្រះបាទ ចូឡាឡុងកន (រាមាទី ៥) ហើយ ជាគោលដៅទេសចរណ៍ ដ៏ពេញនិយមមួយ។ ប្រទេសថៃមានប្រជាជនកាន់ពុទ្ធសាសនា ធំជាងគេលំដាប់ទីពីរ ក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន ក្នុងនោះ មានពុទ្ធសាសនិក ប្រមាណ៦៤លាននាក់៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត