មជ្ឈមណ្ឌលភាសា (Aii) និងសាលារៀន (AIS) បើកសម្ពោធអគារសិក្សាថ្មី នៃសាខាទួលសង្កែ ដើម្បីពង្រីកខ្លួនក្នុងការលើកស្ទួយវិស័យសិក្សាអប់រំនៅកម្ពុជា
(ភ្នំពេញ)៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាទួលសង្កែ ដែលមានការបំពាក់ទៅដោយសម្ភារៈបរិក្ខារសិក្សាទំនើបៗ និងសម្បូរបែប ដើម្បីបំពេញដល់ការសិក្សាស្រាវជ្រាវ និងធ្វើការពិសោធផ្សេងៗ ជូនដល់សិស្សានុសិស្សផងនោះ បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ។
អ្នកឧកញ្ញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានមានប្រសាសន៍ថា អគារសិក្សាថ្មីនេះ អាចទទួលសិស្សឱ្យចូលរៀនបានរហូតដល់ទៅជាង ១,៧៥០នាក់ ហើយក្នុងអគារសិក្សាទាំងមូល មានភាពធំទូលាយ និងមានបរិយាកាសស្រស់ស្រាយ ខណៈដែលមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែបោះជំហានទៅមុខជានិច្ច ក្នុងគោលបំណងពង្រីកខ្លួនដោយឥតឈប់ឈរ ក្នុងការលើកស្ទួយវិស័យសិក្សាអប់រំនៅកម្ពុជា ស្របទៅតាមបរិបទថ្មីនៃយុគសម័យឌីជីថល និងបច្ចេកវិទ្យាដ៏ទំនើប ។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលារៀនដ៏ទំនើប និងឈានមុខគេមួយ ដែលទទួលសិស្សានុសិស្សចាប់ពីថ្នាក់ក្រោមមតេ្តយ្យសិក្សា រហូតដល់ថ្នាក់ទី១២ អ្វីដែលកាន់តែពិសេស សាលាក៏មានការបន្ថែមជូននូវកម្មវិធីសិក្សាពិសេសៗ ជាច្រើន រួមមាន៖ មុខវិជ្ជាបំណិនជីវិត មុខវិជ្ជាជំនាញជម្រើសដ៏សម្បូរបែប ដូចជា៖ គំនូរ របាំ តន្រី្ត កំណាព្យ គេហវិទ្យា ហត្ថកម្ម អប់រំកាយ និងកីឡាជាច្រើនប្រភេទផងដែរ ដូចជា៖ ល្បុក្កតោ ការ៉ាតេ តេក្វាន់ដូ បាល់បោះ បាល់ទះ វាយកូនឃ្លីលើតុ វាយកូនបាល់ ហែលទឹក និងកីឡាផ្សេងៗទៀត ក្នុងនោះ ក៏មានការបញ្ចូលនូវការអប់រំសុខភាព ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងមុខវិជ្ជាកុំព្យូទ័រ ភ្ជាប់ដោយប្រព័ន្ធអ៊ីនធឺណិត បណ្ណាល័យសិក្សាស្រាវជ្រាវ និងមានឯកសារគ្រប់កម្រិត គ្រប់ជំនាញ ។
អ្នកឧកញ្ញ៉ា ក៏បានឆ្លើយតបទៅនឹងការសំណូមពរពីសំណាក់ប្រជាពលរដ្ឋ ជាអាណាព្យាបាលសិស្ស ឱ្យបញ្ចុះតម្លៃសិក្សា ដោយបញ្ជាក់ថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង នឹងព្យាយាមសម្របសម្រួលតម្លៃសិក្សាសមរម្យដើម្បីជាតម្រូវការ ឬទៅតាមលទ្ធភាពសម្រាប់ប្រជាពលរដ្ឋទូទៅ។ ដូច្នេះហើយ ទើបតម្លៃសិក្សានៅស្ថាប័នសិក្សាចំនួនពីរនេះ មានតម្លៃជាមធ្យមកណ្តាល ដែលមិនថ្លៃពេក និងមិនទាបពេក ព្រោះសាលា មានលោកគ្រូ អ្នកគ្រូ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គរុកោសល្យ និងបទពិសោធខ្ពស់ ក្នុងការបង្រៀន ដោយមានការផ្សារភ្ជាប់ទៅនឹងបទពិសោធជាក់ស្តែង ទាំងនៅក្នុងថ្នាក់ផ្ទាល់ និងនៅក្រៅថ្នាក់ ដែលធ្វើឱ្យសិស្សានុសិស្ស ងាយយល់ ស្រួលចងចាំ និងមានភាពច្នៃប្រឌិតខ្ពស់ ។
អ្នកឧកញ្ញ៉ា ក៏បានចែករំលែកបទពិសោធន៍ពីការពង្រីកសាលាបានលឿននេះ ដោយសារការទទួលបានកម្ចីពីធនាគារ និងការទទួលភាពចំណេញពីសាលារៀននេះ ដោយឆ្នាំនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាងសង់បានច្រើន ។
អ្នកឧកញ៉ា ក៏បានលើកទឹកចិត្តដល់បងប្អូនម្ចាស់អាជីវកម្មទាំងអស់ រៀបចំក្រុមហ៊ុនធ្វើយ៉ាងមេចឱ្យមានតម្លាភាព បង់ពន្ធឱ្យបានត្រឹមត្រូវ ហើយធ្វើសវនកម្មឱ្យបានជាប់ ដើម្បីទាញក្រុមហ៊ុនយើងឡើងទីផ្សារ នៅ CSX របស់កម្ពុជា ក្នុងការទទួលបានផលប្រយោជន៍៖ ទី១-ផ្ដល់ឱកាសលើកលែង TAX , ទី២-បានផ្ដល់មុខមាត់ដល់ក្រុមហ៊ុន ដូចបានផ្សព្វផ្សាយមិនអស់ថវិកាអញ្ចឹងដែរ ។
សូមជម្រាបថា បច្ចុប្បន្ន មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មាន ២៤សាខា ដោយមានសិស្សកំពុងសិក្សាជាង ២ម៉ឺន៥ពាន់នាក់ ដោយសាលាផ្តល់ជូននូវថ្នាក់ភាសាបរទេសជាច្រើនភាសា និងថ្នាក់សិក្សាចំណេះដឹងទូទៅបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចឱ្យសិស្សានុសិស្ស ជ្រើសរើសប្រកបដោយទំនុកចិត្តខ្ពស់ ដើម្បីអនាគតដ៏ត្រចះត្រចង់ ។ ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានមកចុះឈ្មោះសិក្សានៅសាខាទួលសង្កែនេះ សាលាក៏មានការផ្តល់ជូនអាហារូបករណ៍រហូតដល់ ១០%ផងដែរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ