ហុងកុងនឹងប្រើចុងភៅមនុស្សយន្ត ចម្អិតអាហារត្រឹម៣នាទី
ក្រុមហ៊ុន Hestia Technology Limited ដែលត្រូវបានបង្កើតឡើង នៅទីក្រុងហុងកុង ក្នុងឆ្នាំ២០១៨ កំពុងធ្វើបដិវត្តផ្ទះបាយនៅភោជនីយដ្ឋាន ជាមួយនឹងការបង្កើតចុងភៅមនុស្សយន្ត ៣ម៉ឺនគ្រឿង ដែលអាចធ្វើម្ហូបរួច ត្រឹម៣នាទី នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Technology Innovation កាលពីថ្ងៃព្រហស្បតិ៍។
ក្រុមហ៊ុនរំពឹងថា នឹងអាចរកចំណូលបាន ២៥៦លានដុល្លារអាមេរិក ពីការអាហារដ្ឋានស្វ័យប្រវត្តិពេញលេញបែបនេះ ដោយពួកគេគ្រោងរៀបចំមុខម្ហូប ជាង២០០មុខ រួមទាំង មុខម្ហូបបែបចិន និងអ៊ីតាលី។ អតិថិជនអាចជ្រើសរើសមុខម្ហូប នៅលើ Tablet ហើយមនុស្សយន្ត ឬ មនុស្សនិម្មិត AI គ្រប់គ្រងអ្វីៗ គ្រប់យ៉ាង រាប់ពីការទៅយកគ្រឿងផ្សំ ចម្អិនអាហារ ហើយលាងសម្អាតចាន ក្នុងរយៈពេលតិចជាង១៥ វិនាទី ដើម្បីអាចរៀបចំសម្រាប់មុខម្ហូបបន្ទាប់។
ប្រភពបន្តថា ប្រព័ន្ធចុងភៅយន្ត Hestia នឹងកាត់បន្ថយថ្លៃថាមពលរហូតដល់ ៥០% ថ្លៃពលកម្ម ៦៦%, ការប្រើប្រាស់ទឹក ៦៤% និង ការប្រើប្រាស់ប្រេង ៦០%។ ពួកគេក៏កាត់បន្ថយការងាររបស់មេចុងភៅធំផងដែរ ដែលអនុញ្ញាតឱ្យមេចុងភៅ ផ្តោតអារម្មណ៍ លើការងារច្នៃប្រឌិត និងសេវាកម្មអតិថិជន ឲ្យបានកាន់តែប្រសើរ។
ក្រុមហ៊ុនបានប្តេជ្ញាថា នឹងធ្វើឲ្យមានភាពស៊ីសង្វាក់គ្នាខ្ពស់ ក្នុងគ្រប់មុខម្ហូប ដោយយកឈ្នះលើគុណភាព ដែលតែងតែឃើញ នៅក្នុងផ្ទះបាយ បែបប្រពៃណី។ យ៉ាងណាមិញ ពុំទាន់មានការបញ្ជាក់ថា នឹងផលិតមនុស្សយន្តចុងភៅ ដំណើរការផ្លូវការ ក្នុងពេលវេលាជាក់លាក់ នៅឡើយទេ៕
ប្រែសម្រួល៖ សារ៉ាត