អង្គទូតចំនួន ១២ ប្រចាំនៅកម្ពុជា ភ្ញាក់ផ្អើលចំពោះសក្ដានុពល និងការអភិវឌ្ឍខេត្តកំពត
កំពត៖ប្រតិភូអង្គទូតចំនួន១២ ស្ថានទូតប្រចាំព្រះរាជាណាចក្រកម្ពុជាបានចាប់អារម្មណ៍និងបង្ហាញនូវអារម្មណ៍ភ្ញាក់ផ្អើល និងកោតសរសើរយ៉ាខ្លាំងចំពោះសក្តានុពល និងការអភិវឌ្ឍរបស់ខេត្តកំពត បន្ទាប់ពីបានទស្សនកិច្ចនិងស្តាប់បទបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។

តាមរយៈការរៀបចំរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អង្គទូតចំនួន១២ប្រចាំកម្ពុជាបានទស្សនកិច្ចសិក្សាតំបន់សក្តានុពលមួយចំនួនកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ឯកឧត្តម ចឺយ វិចិត្រ ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ទស្សនកិច្ចសិក្សារបស់អង្គទូត មកកាន់ខេត្តកំពត ជាផ្នែកមួយនៃកិច្ចការអនុវត្តជំរុញការទូតសេដ្ឋកិច្ច របស់ក្រសួងការបរទេស ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនបានឆាប់រហ័សឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍នៅឆ្នាំ២០៣០ និង២០៥០។

ឯកឧត្តមបន្តថា វិទ្យាស្ថានបានសម្រេច ដឹកនាំប្រតិភូអង្គទូតចុះមកធ្វើទស្សនកិច្ចសិក្សានៅខេត្តកំពត ព្រោះចង់ឱ្យប្រតិភូអង្គទូតបានឃើញដោយផ្ទាល់ភ្នែកអំពីសក្តានុពល និងការអភិវឌ្ឍរីកចម្រើនរបស់ខេត្តកំពត ដែលជាខេត្តមូយលេចធ្លោរបស់កម្ពុជា និងមានអំណោយផលសម្រាប់ការវិនិយោគលើវិស័យផ្សេងៗ មានដូចជា ទេសចរណ៍ និងកសិកម្មជាដើម។

គណៈប្រតិភូអង្គទូតបានទៅទស្សនាតំបន់ចំការម្រេចព្រឹកនិងបានស្តាប់ការធ្វើបទបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។ឯកអគ្គរាជទូត រដ្ឋទូត បានបង្ហាញនូវការចាប់អារម្មណ៍ និងកោតសរសើរនូវអ្វីដែលខេត្តកំពតមាន។

អង្គទូតក៏បានអញ្ជើញចូលរួមក្នុងពិធីចែញវិញ្ញាបនបត្រនៅពេលល្ងាចនៅ រីសត អែមប៊ើ ផងដែរ។ក្នុងឱកាសនេះឯកឧត្តម ម៉ៅ ធនិន បានស្នើឱ្យអង្គទូតទាំងអស់ជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តកំពត ។ឯកឧត្តមក៏សង្ឃឹមថា វត្តមានរបស់អង្គទូតទាំង១២ដែលអញ្ជើញមកកាន់ខេត្តកំពត មិនមែនជាលើកចុងក្រោយនោះទេ ហើយឯកឧត្តមត្រៀមខ្លួនជានិច្ច ក្នុងការរង់ចាំទទួលស្វាគមន៍វត្តមានរបស់ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត រដ្ឋទូត ជាថ្មីម្តងទៀត។
ក្នុងឱកាសនេះដែររដ្ឋបាលខេត្តកំពត ក៏ធ្វើនំជូនដំណើរឯកឧត្តមឯកអគ្គរាជទូតថៃ ដែលនឹងបញ្ចប់អាណត្តិនៅកម្ពុជា ក្នុងរយៈពេល២សប្តាហ៍ទៀត។ ដោយឡែកនៅថ្ងៃទី២១ ខែកញ្ញា គណៈប្រតិភូអង្គទូតអញ្ជើញទៅទស្សនាកំពង់ផែពហុបំណង រួចទៅទស្សនារមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ មុននឹងត្រឡប់ទៅភ្នំពេញវិញ៕
ដោយ៖ សិលា សារិន
