ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៣ រួមគ្នា នៅវត្តអង្គសេរីសោភា ហៅវត្តអង្គតាម៉ិញ
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមជាមួយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៣ រួមគ្នា នៅវត្តអង្គសេរីសោភា ហៅវត្តអង្គតាម៉ិញ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានបូជាទៀនធូប ផ្កាភ្ញី ចំពោះព្រះរតនត្រ័យ សមាទានសីល ធ្វើកិច្ចនមស្សការ ព្រមទាំងបាននាំយកបច្ច័យ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ស ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង ៧សណ្តាន។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជួបសួរសុខទុក្ខ ជូនកុសលផលបុណ្យលោកតា លោកយាយ ជាពុទ្ធបរិស័ទចំណុះជើងវត្ត និងបងប្អូនប្រជាពលរដ្ឋ ដែលបានមកដាក់បិណ្ឌវេនទី៣ នេះផងដែរ។ សូមអនុមោទនាកុសសផលបុណ្យជូនដល់បងប្អូនប្រជាជនខ្មែរគ្រប់ៗរូប សូមឱ្យជួបសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។

សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានចែកចេញជាពីរ គឺ៖ ទី១ ៖ ជារយៈពេលនៃការកាន់បិណ្ឌចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូតដល់ថ្ងៃ១៤រោច ប្រជាពលរដ្ឋខ្មែរតែងធ្វើចង្ហាន់ និងទេយ្យទានទៅប្រគេនព្រះសង្ឃ។ ទី២ ៖ ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌប្រជាពលរដ្ឋតែងធ្វើការជួបជុំគ្នា ដើម្បីឆ្លងនូវសទ្ធាជ្រះថ្លា ដែលបានថ្វាយទានចំពោះភិក្ខុសង្ឃក្នុងរយៈពេល ១៤ថ្ងៃកន្លងមក។

ពិធីបុណ្យភ្ជុំបិណ្ឌទាំងមូល រួមមានការធ្វើកម្មវិធីជាច្រើនក្នុងនោះរួមមាន ពិធីរាប់បាត្រ ព្រះសង្ឃ ពិធីបោះបាយបិណ្ឌ ពិធីពូនភ្នំខ្សាច់ ឬភ្នំអង្ក ពិធីសែនដូនតាទៅស្រុកវិញ និងពិធីសូត្រព្រះធម៌បរាភវសូត្រជាដើម ៕
ដោយ ៖ វណ្ណលុក

