ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំផ្ញើប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ឱ្យស្វែងយល់ពីប្រទេសខ្លួនឯង ដោយបណ្តុះទស្សនៈវិជ្ជមាន និងឱ្យតម្លៃសង្គមជាតិខ្លួនឱ្យបានច្រើន
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បាន អនុញ្ញាតឱ្យគណៈប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ដឹកនាំដោយលោកជំទាវ ស្រួយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

គណៈប្រតិភូយុវជនកម្ពុជា ចំនួន ១៦រូប នឹងចេញដំណើរទៅចូលរួម ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣៨ថ្ងៃ ចាប់ពីថ្ងៃទី០៤ ខែវិច្ឆិកា ដល់១១ ខែធ្នូ ឆ្នាំ២០២៤ ដោយធ្វើដំណើរទៅកាន់ប្រទេសចំនួន០៣ រួមមានប្រទេសជប៉ុន ឥណ្ឌូណេស៊ី និងវៀតណាម។ កម្មវិធីនេះ នឹងមានការចូលរួមពីសំណាក់គណៈប្រតិភូយុវជនក្នុងតំបន់អាស៊ីអាគ្នេយ៍ សរុបប្រមាណ ១៦៨នាក់។

ក្រោយពីបានស្តាប់នូវរបាយការណ៍យ៉ាងក្បោះក្បាយពីសាវតា គោលបំណង និងដំណើរការជារួមនៃកម្មវិធីកម្មវីធីនាវាយុវជនអាស៊ីអាគ្នេយ៍ ព្រមទាំងការណែនាំខ្លួនរបស់សមាជិកគណៈប្រតិភូ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសាទរដល់ប្រតិភូទាំងអស់ដែលទទួលបានជោគជ័យពីការជ្រើសរើសយ៉ាងស្វិតស្វាញ និងបានលើកទឹកចិត្តប្រតិភូយុវជនកម្ពុជា ឱ្យបន្តព្យាយាមហ្វឹកហាត់ត្រៀមសម្រាប់ការចូលរួមស្របតាមរបៀបវារៈដែលកម្មវិធីបានកំណត់ ប្រកបដោយសាមគ្គីភាពផ្ទៃក្នុង ជួយយកអាសារគ្នាទៅវិញទៅមក ដើម្បីរួមគ្នាឆ្លុះបញ្ចាំងសក្តានុពលធនធានមនុស្ស និងសមត្ថភាពរបស់យុវជនកម្ពុជា ទៅកាន់បណ្តាមិត្តអន្តរជាតិ។

ក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីភាពសំខាន់នៃការឯកភាពជាទស្សនៈរួមក្នុងនាមជាប្រជាជាតិខ្មែរតែមួយ ដោយលើកឡើងថា “យើងម្នាក់ៗ ត្រូវស្វែងយល់ពីប្រទេសខ្លួនឯង ដោយបណ្តុះទស្សនៈវិជ្ជមាន និងការឱ្យតម្លៃសង្គមជាតិខ្លួនឱ្យបានច្រើន”។

ស្របនឹងការលើកឡើងខាងលើ ឯកឧត្តមបានពន្យល់បន្ថែមថា ការណ៍ដែលយើងបណ្តុះនូវទស្សនវិជ្ជមានចំពោះសង្គមជាតិ នោះយើងម្នាក់ៗនឹងមានទំនុកចិត្តក្នុងការបង្ហាញពីមោទនភាពដែលសង្គមកម្ពុជា បានឆ្លងកាត់តាំងពីអតីតកាល បច្ចុប្បន្ន និងបន្តឆ្ពោះទៅមុខជាមួយនឹងការតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជូនពរដល់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលនឹងត្រូវចេញដំណើរទៅចូលរួមកម្មវីធីនាវាយុវជនអាស៊ីអាគ្នេយ៍នៅប្រទេសជប៉ុន នាពេលដ៏ខ្លីខាងមុខនេះ ទទួលបានជោគជ័យ ជួបតែសុខសុវត្ថិភាព ហើយត្រលប់មកវិញនាំមកនូវកិត្តិយស និងការកោតសរសើរចំពោះកម្ពុជា ៕
ដោយ ៖ វណ្ណលុក
