ឯកឧត្តម វង សូត និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់ បិណ្ឌវេនទី៤ នៅវត្តប្រជុំនទី “ក្រពើហា”
(ភ្នំពេញ)៖ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទនៅទូទាំងប្រទេស ដែលគោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំនោះ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ តំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមនិងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ទីប្រឹក្សា ជំនួយការ នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តប្រជុំនទី “ក្រពើហា “ ស្ថិតក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ពិធីបុណ្យកាន់បិណ្ឌវេនទី៤ បានប្រព្រឹត្តទៅដោយនៅព្រឹកថ្ងៃសៅរ៍ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ បានធ្វើការប្រគេនយាគូ រាប់បាត និងវេរភត្តាហារ ព្រមទាំង និមន្តព្រះសង្ឃ ដារបង្សកូល ពហូទេវាឆ្លង ដើម្បីជាកិច្ចឧទ្ទិសកុសលជូនចំពោះញាតិកាទាំង៧សណ្តាន ដែលបាន ចែកឋានទៅកាន់លោកខាងមុខ សូមជួប តែសេចក្តីស្ងប់ ក្នុងសុខគតិភព ជារៀងរហូត។

គួររំលឹកថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៍ធំប្រចាំឆ្នាំ មានតាំងពីបុរាណកាលមក។ ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាម ទីវត្តអារាមក្នុងរយៈពេល១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ឋ ហើយបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាការចូលរួមចំណែកក្នុងការកសាងសមិទ្ធិផលនានា ក្នុងទីអារាមវត្តប្រជុំនទី “ក្រពើហា” ឯកឧត្តម វង សូត និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ រួមនិងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ទីប្រឹក្សា ជំនួយការ នៃរដ្ឋសភា រួមនិងញាតិមិត្ត បងប្អូន និងពុទ្ធបរិស័ទទាំអស់ដែលចូលរួមកាន់វេណ បិណ្ឌទី៤ ក៏បានប្រមូលបច្ច័យ តាមរយៈទឹកចិត្តសទ្ធាជ្រះថ្លា ប្រគេនដល់ព្រះចៅអធិការវត្ត ចំនួន ១៥លានរៀល ទុកសម្រាប់កសាងសមិទ្ធិផលដែលបំរើអោយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានកាន់តែរីកចម្រើនរុងរឿង ជារៀងរហូត ៕
ដោយ ៖ ហេង សម្បត្តិ




