មន្រ្តីក្រសួងព័ត៌មានសំណូមពរដល់អង្គភាពរដ្ឋក្នុងខេត្តកែប សហការជាមួយមន្ទីរព័ត៌មានដើម្បីផ្សព្វផ្សាយពីសមិទ្ធផល
កែប៖ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំខេត្តកែបទទួលបន្ទុកវិស័យព័ត៌មានបានជំរុញដល់បណ្តាមន្ទីរអង្គភាព និងអាជ្ញាធរក្រុង ស្រុក ត្រូវស្រុះដៃគ្នាផ្សព្វផ្សាយនូវសក្តានុពលរបស់ខេត្ត ជាពិសេសផលិតផលទេសចរណ៍ថ្មីៗ ដែលរដ្ឋបាលខេត្តកែបសម្រេចបាន ក្នុងន័យទាក់ទាញអ្នកទេសចរមកលេងកម្សាន្តនៅខេត្តកែបអោយបានច្រើន។
លើកឡើងនូវចំណុចនេះកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារ ៩ខែនៃឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្តកែប និងពង្រឹងវិស័យព័ត៌មានក្រោមអធិបតីភាពឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ប៊ុន យោង អភិបាលរងខេត្តកែប និងជាអ្នកនាំពាក្យ ។
លោក ប៊ុន យោង អភិបាលរងខេត្តកែបបានថ្លែងថា មន្ទីរព័ត៌មានខេត្តកែប បានដើរតួនាទីយ៉ាងសំខាន់សម្រាប់គាំទ្ររាល់ដំណើរការអភិវឌ្ឍរបស់រដ្ឋបាលខេត្ត និងផ្សព្វផ្សាយរាល់ខ្លឹមសារសំខាន់ៗរបស់រដ្ឋបាលខេត្ត និងបណ្តាមន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក ដែលជ្រកក្រោមឆ័ត្ររបស់រដ្ឋបាលខេត្ត ។
ចំណែកឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកលើខេត្តកំពត និងកែប បានកោតសសើរចំពោះលទ្ធផលសម្រេចបានរបស់មន្ទីរព័ត៌មានខេត្តកែប ដែលបានបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាសេនាធិការរបស់ក្រសួងព័តមាន ។តាមរយៈមន្ទីរព័ត៌មាន តំបន់ទេសចរណ៍ ក្នុងខេត្តកែបត្រូវបានផ្សព្វផ្សាយដល់មហាជន បានយ៉ាងទូលំទូលាយ។
ឯកឧត្តមបានស្នើដល់បណ្តាមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក ក្នុងខេត្តកែប ផ្តល់កិច្ចសហការជាមួយមន្ទីរព័ត៌មាន ផ្តល់នូវលទ្ធផលសកម្មភាពការងារ ដែលខ្លួនសម្រេចបាន ដើម្បីឱ្យមន្ទីរ មានប្រភពគ្រប់គ្រាន់ ក្នុងការផ្សព្វផ្សាយព័ត៌មានដែលមានខ្លឹមសារល្អ គ្រប់ជ្រុងជ្រោយ សម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋ។
ឯកឧត្តមក៏បានណែនាំដល់ប្រធានមន្ទីរព័ត៌មាន ត្រូវបន្តក្តាប់ឱ្យបានរាល់មតិសាធារណៈ ជាពិសេសឆ្លើយតបភ្លាមៗ ក្នុងករណីមានការចុះផ្សាយណាមួយខុសពីការពិត ដើម្បីឈានទៅលុបបំបាត់ និងចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែបបានរាយការណ៍ថា តាមរយៈការិយាល័យទូរទស្សន៍ រយៈពេល៩ខែ នៃឆ្នាំ២០២៤នេះ មន្ទីរបានធ្វើការផលិតព័ត៌មានក្នុងខេត្តកែប បានចំនួន ៣១២ អត្ថបទ រូបភាព និងបានបញ្ជូនទៅកាន់អង្គភាពព័ត៌មានឯកជនដែលមានប្រតិបត្តិការនៅខេត្តកែបទាំង ៣៤អង្គភាព ដើម្បីជួយផ្សព្វផ្សាយបន្ត៕
ដោយ៖ សិលា សារិន