បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន នាំអំណោយសម្ដេចធិបតីនិងលោកជំទាវ ចែកជូនដល់អតីតយុទ្ធជនចំនួន១១០ គ្រួសារ នៅឃុំក្រាំងល្វា
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែកញ្ញា បានអញ្ជើញសួរសុខទុក្ខអតីតយុទ្ធជន ចំនួន ១១០គ្រួសារ ដែលកំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ។

ពិធីខាងលើមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង។
ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានបញ្ជាក់ថា អំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង មានការចូលរួមសបន្ថែមពី ឯកឧត្តមអភិបាលខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក ទាំង៨ ដែលចងសម្ព័ន្ធមេត្រីភាពជាមួយបងប្អូនអតីតយុទ្ធជនមាន៖អង្ករ ២,៧៥០គីឡូក្រាម ,មី ១១០កេស,ត្រីខ ១១០យួរ,ទឹកត្រី ១១០យួរ,ទឹកស៊ីអ៉ីវ ១១០យួរនិងថវិកា ក្នុងមួយគ្រួសារៗមួយសែនរៀល៕
ដោយ៖សុខ គឹមសៀន



