មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ៖ អ្នកប្រតិបត្តិជំនឿសាសនា គួរមានមោទនភាព ចំពោះ សុខដុមនីយកម្មសាសនានៅកម្ពុជា
ស្វាយរៀង៖ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាបានថ្លែងថា ក្នុងនាមជាប្រជាពលរដ្ឋ ក៏ដូចក្នុងនាមអ្នកប្រតិបត្តិជំនឿសាសនា គួរមានមោទនភាព ចំពោះ សុខដុមនីយកម្មសាសនានៅកម្ពុជា និងត្រូវបន្តថែរក្សានូវបរិយាកាសនៃសុខដុមនីយកម្មសាសនាឱ្យបាន គង់វង្សជានិរន្តរ៍ និងយកគុណតម្លៃសាសនាអប់រំដល់ប្រជាជនឱ្យកាន់តែមានស្មារតីចាស់ទុំ ចូលរួមថែរក្សា សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ថ្លែងបើកសិក្ខាសាលាស្ដីពីការលើកកម្ពស់សុខដុមនីយកម្មសាសនាក្នុងសង្គម នៅខេត្តស្វាយរៀង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម ផាន់ ចន្ទតារា តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបន្តថា ទោះបីសាសនាជាប្រភពផ្តល់គុណតម្លៃដល់សង្គម អប់រំមនុស្សឱ្យមានមេត្តា ករុណានិងភាពជាបងប្អូនសាកល ប៉ុន្តែ អ្នកមានជំនឿសាសនាផ្សេងគ្នា ក៏មានគុណតម្លៃ ផ្នត់គំនិត និងទស្សនៈផ្សេងគ្នា ដែលទាមទារឱ្យមានការយល់ដឹងពីគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ការយោគយល់ ការអត់ឱននិងការរស់នៅក្នុងសង្គមជាមួយ គ្នាប្រកបដោយសុខដុមរមនា។ឯកឧត្តមបន្តថាមសិក្ខាសាលាថ្ងៃនេះ ជាវិភាគទានថ្មីទៀតចំពោះបុព្វ ហេតុនៃការថែរក្សានិងលើកកម្ពស់សុខដុមនីយកម្មសាសនានៅកម្ពុជា ដូចជារួមចំណែកថែរក្សាសន្តិភាព ក្នុងប្រទេស តំបន់ និងពិភពលោកទាំងមូល។
សិក្ខាសាលាដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង ក្រោមជំនួយឧបត្ថម្ភមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាងមានការចូលរួមពីលោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត ,ព្រះធម្មកិច្ចមុនី រស់ ឌី ព្រះរាជាគណៈថ្នាក់កិតិ្តយស ព្រះបាឡាត់គណខេត្ត និងជាព្រះអនុគណស្រុករមាសហែកមលោកគ្រូអាចារ្យ គ្រូគង្វាល ថ្នាក់ដឹកនាំគ្រិស្តសាសនាជាដើម។
យោងតាមរបាយការណ៍របស់លោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងបានឲ្យដឹងថា ខេត្តមានវត្តសរុបចំនួន២៤៦វត្ត(វត្តធម្មយុត្តន១វត្ត)មានព្រះសង្ឃសរុបចំនួន២.៣៩៨ អង្គ (ព្រះសង្ឃគណៈធម្មយុត្ត៤អង្គ) មានអាចារ្យវត្តចំនួន១.១១៩នាក់ និងគណៈកម្មការវត្តចំនួន ៤.២១៤នាក់។មានពាហិរសាសនាចំនួន៤រួមមាន៖ទី១.គ្រិស្តសាសនា មានពីរនិកាយគឺ និកាយកាតូលិក និងនិកាយប្រូតេស្តង់ ,ទី២.ព្រះពុទ្ធសាសនាមហាយាន, ទី៣.ឥស្លាមសាសនា មានតែមួយនិកាយ គឺនិកាយសាហ្វាម៉ី និងទី៤.សហគមន៍បាហៃ ៕
ដោយៈ នុត នាង