តុក្កតាខ្លាឃ្មុំ ១ម៉ឺន៥ពាន់តំណាងកុមារស្លាប់នៅហ្គាហ្សា
បរទេស៖ តុក្កតាខ្លាឃ្មុំចំនួន ១៥,០០០ ត្រូវបានដាក់តាំងបង្ហាញ នៅទីក្រុង Doha ប្រទេសកាតា កាលពីចុងសប្តាហ៍ ដើម្បីទុកជាការចងចាំដល់កុមារស្លាប់នៅតំបន់ហ្គាហ្សា ដែលកំពុងជួបសង្គ្រាម រវាងអ៊ីស្រាអែល និងពួកហាម៉ាស់។
តុក្កតាខ្លាឃ្មុំតូចៗទាំងនេះត្រូវបានរៀប នៅក្នុងកន្លែងសិល្បៈមួយកន្លែង ឈ្មោះថា «Echo of Lost Innocence»។ តុក្កតានីមួយៗ ត្រូវបានគេស្លៀកពាក់ ជាអាវយឺតពណ៌ខ្មៅ ដែលមានសរសេរអក្សរថា «ខ្ញុំមិនមែនគ្រាន់តែជាលេខទេ»។
លោក Bachir Mohamad ដែលជាអ្នករៀបចំ នៅក្នុងព្រឹត្តិការណ៍នេះ បាននិយាយថា «រូបចម្លាក់ទាំងនេះ គ្រាន់តែជាការឆ្លុះបញ្ចាំងពីការស្រែកយំ និងសម្រែករបស់ក្មេងៗ ដែលត្រូវបានសម្លាប់ នៅហ្គាហ្សា តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ដោយពួកគេមិនមែនគ្រាន់តែជាតួលេខនោះទេ ពួកគេគឺជាមនុស្សដែលមានអត្តសញ្ញាណ មានស្រុកកំណើត ដែលគេហៅថា ប៉ាឡេស្ទីន»។
សង្គ្រាមអូសបន្លាយ រយៈជិត១ឆ្នាំមកនេះ យ៉ាងហោចណាស់ មានជនជាតិប៉ាឡេស្ទីនជាង៤ម៉ឺននាក់ ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ក្នុងនោះ រួមមានទាំង កុមារជាង១ម៉ឺននាក់ ផងដែរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត