ការបំផ្ទុះនៅអ៊ីរ៉ង់សម្លាប់កម្មករអណ្តូងរ៉ែជាង ៥០នាក់
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយ កាលពីថ្ងៃអាទិត្យថា ការផ្ទុះនៅឯអណ្តូងរ៉ែធ្យូងថ្មមួយកន្លែង បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៥១នាក់ ជាឧបទ្ទវហេតុការងារដ៏ធ្ងន់ធ្ងរបំផុតមួយ របស់ប្រទេសអ៊ីរ៉ង់ មិនធ្លាប់មានក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយ។
ទីភ្នាក់ងារសារព័ត៌មាន IRNA បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើង នៅក្នុងខេត្ត South Khorasan ភាគខាងកើត ប្រទេសអ៊ីរ៉ង់ កាលពីយប់ថ្ងៃសៅរ៍។ ក្រៅពីស្លាប់រាប់សិបនាក់ ក៏មានមនុស្ស ២០នាក់ផ្សេងទៀត រងរបួស ខណៈដែលគេដឹងថា មនុស្ស៧០នាក់ ស្ថិតក្នុងការដ្ឋានពេលកំពុងកើតហេតុ។
IRNA បាននិយាយថា ការលេចធ្លាយមេតាន នាំឱ្យមានការផ្ទុះនៅក្នុងប្លុកពីរ នៃអណ្តូងរ៉ែ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនអ៊ីរ៉ង់ Madanjoo។ រដ្ឋមន្ត្រីមហាផ្ទៃ លោក Eskandar Momeni បាននិយាយថា «ការខាប់ឧស្ម័ន» ជាក់ស្តែងដែលឃើញនៅក្នុងអណ្តូងរ៉ែ ដែលមានជម្រៅ២៥០ម៉ែត្រ ត្រូវបានគេជឿថា ជាមូលហេតុនៃការផ្ទុះនេះ។ លោកបញ្ជាក់ទៀតថា រហូតមកដល់ថ្ងៃចន្ទ ប្រតិបត្តិការជួយសង្គ្រោះ នៅតែបន្តធ្វើ។
គួររម្លឹកថា កាលពីឆ្នាំមុន ការផ្ទុះនៅអណ្តូងរ៉ែធ្យូងថ្ម នៅភាគខាងជើងទីក្រុង Damghan ប្រទេសអ៊ីរ៉ង់ បានសម្លាប់មនុស្ស៦នាក់ ដែលគេសន្មត់ថា មកពីការលេចធ្លាយមេតាន។ ការផ្ទុះនៅឆ្នាំ២០១៧ បានសម្លាប់កម្មករអណ្តូងរ៉ែចំនួន ៤៣នាក់ នៅក្នុងទីក្រុងនាភាគខាងជើង ប្រទេសអ៊ីរ៉ង់។ អ៊ីរ៉ង់សម្បូរដោយរ៉ែ ក្នុងនោះ មានប្រហែល ១.៥ពាន់លានតោននៃធ្យូងថ្មបម្រុង នេះបើតាម IRNA ដដែល៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត