ទ្រាំលែងបាន! ជនជាតិដើមភាគតិចប្រេស៊ីលលើកគ្នាតវ៉ាជំរុញទប់ស្កាត់ភ្លើងឆេះព្រៃ
ប្រាស៊ីលីយ៉ា៖ ប្រជាជនប្រេស៊ីល និងជនជាតិដើមភាគតិច បានប្រមូលផ្តុំគ្នាដើរដង្ហែរក្បួនរកយុត្តិធម៌អាកាសធាតុ ព្រមទាំងជំរុញទប់ស្កាត់ប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលប៉ះពាល់ដល់ប្រទេសទាំងមូល។
ទីក្រុងសៅប៉ូឡូ បានក្លាយជាទីលានតវ៉ាដ៏ក្តៅគគុក បន្ទាប់ពីប្រជាជនប្រេស៊ីលរាប់រយនាក់ រួមទាំងសមាជិកសហគមន៍ជនជាតិដើមភាគតិច បាននាំគ្នាដើរដង្ហែរក្បួនរកយុត្តិធម៌អាកាសធាតុ ក៏ដូចជាប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលប៉ះពាល់ដល់ប្រទេសទាំងមូល។
អ្នកចូលរួមតវ៉ាម្នាក់បាននិយាយថា យើងចង់បានការស៊ើបអង្កេត និងទំនួលខុសត្រូវ ចំពោះអ្នកបង្កអគ្គីភ័យដោយចេតនា ដែលបណ្តាលឱ្យមានការដួលរលំបរិស្ថានដ៏មហន្តរាយនៅក្នុងប្រទេសប្រេស៊ីល។
អ្នកតវ៉ាម្នាក់ទៀតបានបន្ថែមថា ស្ថានការណ៍បានចាប់ផ្តើមកាន់តែអាក្រក់ទៅៗ… យើងបានព្រមានអំពីបញ្ហាអាកាសធាតុទាំងនេះ ប៉ុន្តែប្រជាជនមិនចង់ស្តាប់យើងទេ។ ឥឡូវនេះ ពួកគេកំពុងព្យាយាមទប់ស្កាត់ ប៉ុន្តែវាយឺតពេលទៅហើយ។
អ្នកតវ៉ាមួយរូបទៀតបានអះអាងថា ខ្ញុំកាន់តែមានការព្រួយបារម្ភក្នុងពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ពីព្រោះខ្ញុំនឹងមិនអាចដកដង្ហើមបានទេ ដោយសារតែផ្សែងបង្កឡើងពីភ្លើងឆេះ អណ្តែតពាសពេញផ្ទៃមេឃ។
សូមបញ្ជាក់ថា ភ្លើងឆេះព្រៃបានឆាបឆេះអស់រយៈពេលជាច្រើនសប្តាហ៍នៅក្នុងប្រទេសប្រេស៊ីល ជាពិសេសនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន នៅភាគខាងជើង និងក្នុងតំបន់ Pantanal ដែលជាតំបន់ដីសើមដ៏ធំបំផុតរបស់ពិភពលោក ដែលគ្របដណ្តប់ដោយព្រៃឈើរាប់លានហិកតា៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា