មេដឹកនាំរងក្រុម Hezbollah ប្តេជ្ញាប្រយុទ្ធជាមួយអ៊ីស្រាអែល
បេរូត : អនុប្រធានក្រុម Hezbollah លោក Naim Qassem បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមរបស់គាត់នឹងប្តេជ្ញាបន្តប្រយុទ្ធ ខណៈកំពុងស្ថិតក្នុង “ដំណាក់កាលថ្មី” នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែល។
អនុប្រធានក្រុម Hezbollah លោក Naim Qassem បានអះអាងថា ក្រុមរបស់គាត់កំពុងស្ថិតក្នុង “ដំណាក់កាលថ្មី” នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែល ដែលខ្លួនបានវាយលុកឆ្លងកាត់ព្រំដែនលីបង់ ចាប់តាំងពីសង្រ្គាមនៅហ្គាហ្សាបានផ្ទុះឡើង។
លោក Qassem បាននិយាយនៅឯពិធីបុណ្យសពរបស់មេបញ្ជាការជាន់ខ្ពស់ Hezbollah ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃសុក្រថា យើងបានឈានចូលដំណាក់កាលថ្មីមួយ ពោលគឺការគិតគូរពីការប្រយុទ្ធដោយបើកចំហជាមួយអ៊ីស្រាអែល។
លោកបន្តថា ការគំរាមកំហែងនឹងមិនបញ្ឈប់យើងទេ… យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹងលទ្ធភាពយោធាទាំងអស់។
លោក Qassem បាននិយាយម្តងទៀតថា មានតែបទឈប់បាញ់នៅហ្គាហ្សាប៉ុណ្ណោះ ដែលនឹងបញ្ឈប់ការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមលោក។
ប៉ុន្តែលោកបានព្រមានថា ដំណោះស្រាយយោធាអ៊ីស្រាអែល នឹងកាន់តែបង្កើនការលំបាកសម្រាប់អ៊ីស្រាអែលខ្លួនឯងផ្ទាល់ និងប្រជាជននៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែលផងដែរ។
គួរបញ្ជាក់ថា អំពើហិង្សាបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយអ៊ីស្រាអែល និងក្រុម Hezbollah បានបើកការវាយប្រហារទៅវិញទៅមកយ៉ាងខ្លាំងក្លាកាលពីចុងសប្តាហ៍ កន្លងទៅ ដោយបង្កើនការភ័យខ្លាចពីការផ្ទុះសង្គ្រាមកាន់តែរីកធំឡើង៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា