ឯកឧត្តម ម៉េង ប៉ូគន្ធ ៖ បង្កើនការគ្រប់គ្រងដីតំបន់ប្រព័ន្ធធាររាសាស្ត្រ តាមរយៈស្នើសុំ បន្តធ្វើការចុះបញ្ជីផ្ទៃដី ជាប្លង់កម្មសិទ្ធរដ្ឋ ដើម្បីទុកជាផលប្រយោជន៍ប្រជាពលរដ្ឋ
(ខេត្តបន្ទាយមានជ័យ) ៖ ក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះ ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយក នៃអគ្គនាយដ្ឋានកិច្ចការ រដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យមន្ទីរធនធានទឹកនិងឧតុយម ខេត្តបន្ទាយមានជ័យ បង្កើនការគ្រប់គ្រងដីតំបន់ប្រព័ន្ធធាររាសាស្ត្រ ដោយក្នុងនោះបន្តស្នើសុំចុះបញ្ជីផ្ទៃដី អាងទឹកតូចធំ ជាប្លង់កម្មសិទ្ធរដ្ឋ ដើម្បីទុកជាផលប្រយោជន៍ប្រជាជន ។
ឯកឧត្តម ម៉េង ប៉ូគន្ធ ក៏បានលើកឡើងពីទិសដៅផែនការអភិវឌ្ឍ ឬប្រព័ន្ធធារាសាស្ត្ររបស់ក្រសួង ក្នុងការគ្រប់គ្រងដីតំបន់ប្រព័ន្ធធារាសាស្ត្រ គឺបានជំរុញដល់គ្រប់បណ្ដាមន្ទីរធនធានទឹកទូទាំងប្រទេស កដូចជាខេត្តបន្ទាយមានជ័យ ត្រូវ ខិតខំបន្តថែមទៀតនូវ ការងារបច្ចេកទេស វាស់វែងកំណត់ផែនទីព្រំប្រទល់ផ្ទៃដីតំបន់ ប្រព័ន្ធធារាសាស្ត្រជាទ្រព្យរដ្ឋមានដូចជា ស្ទឹង បឹងបួរ ប្រឡាយអូរ និងអាងទឹកជាដើម ហើយរៀបចំឯកសារពេញលេញ ក្នុងការសុំចុះបញ្ជីធ្វើប្លង់កម្មសិទ្វដីធ្លីទ្រព្យរដ្ឋ ដែលជាទ្រសម្បត្តិជាតិដើម្បីងាយស្រួលក្នុងការគ្រប់គ្រងប្រភពទឹកធម្មជាតិឬប្រព័ន្ធធារាសាស្ត្រទុកបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ លើការផ្ដល់ទឹកប្រើប្រាស់ក៏ដូជាទឹកស្រោចស្រពក្នុងវិស័យកសិកម្ម ។
ម៉្យាងវិញទៀត ការបន្តសុំទៅខាងសុរិយោដី និងសំណង់ធ្វើការ ចុះបញ្ជីប្រព័ន្ធធារាសាស្ត្រជាប្លង់កម្មសិទ្ធដើម្បី គ្រប់គ្រងជាសម្បត្តិរដ្ឋដែលជាទិសដៅផែនការអភិវឌ្ឍឬប្រព័ន្ធធារាសាស្ត្ររបស់ក្រសួងធនធានទឹកនិងឧតុនិយម ហើយដែលយើងបាននិងកំពុងអនុវត្តបន្តទៀត ។
ឆ្លើយតបនិងអនុវត្តបាននូវទិសដៅគ្រប់គ្រងដីតំបន់ប្រព័ន្ធធាររាសាស្ត្រនេះ ឯកឧត្តម ម៉េង ប៉ូគន្ធ បានឲ្យមន្ទីរ ធនធានទឹក និងឧតុយម ខេត្តបន្ទាយមានជ័យ ស្នើសុំបន្ត ធ្វើការចុះបញ្ជីផ្ទៃដី អាងទឹកតូចធំ ជាប្លង់កម្មសិទ្ធលើការគ្រប់គ្រងទុកបំរើឲ្យផលប្រយោជន៍ ប្រជាពលរដ្ឋ ក្នុងការផ្ដល់ទឹកប្រើប្រាស់សម្រាប់មនុស្ស សត្វ រុក្ខជាតិ និងបរិស្ថានធម្មជាតិល្អ ។
ខេត្តបន្ទាយមានជ័យមានអាងទឹកមិនតិចជាងខេត្តមួយចំនួនពិសេសអាងទឹកត្រពាំងថ្ម មានសក្ដានុពលធំធេងទាំងផ្នកទឹក និងវិស័យនានា ។ ដូច្នេះត្រូវតែធ្វើប្លង់កម្មសិទ្ធទ្រព្យរដ្ឋ ដើម្បីការពារ ការរំលោភបំពានវាតយកដីតំបន់ធារាសាស្ត្រនេះ ៕
ដោយ ៖ គៀន ច័ន្ទហ៊ីន