សាលារៀនអន្ដរទ្វីបអាមេរិកាំង ប្រគល់សៀវភៅអប់រំសុខភាពចំនួន ១៤,០០០ក្បាល ដល់ក្រសួងអប់រំ យុវជន និងកីឡា
(ភ្នំពេញ)៖ សាលារៀនអន្ដរទ្វីបអាមេរិកាំង ដែលមានអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានប្រគល់សៀវភៅអប់រំសុខភាពចំនួន ១៤,០០០ក្បាល ដល់ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ និងបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តបង្រៀនសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាព នៅសាលប្រជុំការិយាល័យកណ្តាល នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ។
លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់សាលារៀន អន្តរទ្វីបអាមេរិកកាំង ដែលបានចូលរួមផ្ដល់កិច្ចសហការរៀបចំជាសៀវភៅ ដោយយកទៅបោះពុម្ព និងដាក់ឲ្យប្រើប្រាស់ ហើយបានផ្ដល់ជាសៀវភៅជាង ១ម៉ឺនក្បាល ដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការយកទៅចែកជូនដល់សាលាមួយចំនួនដែលមិនទាន់បានបោះពុម្ពចែកទៅដល់ ខណៈសៀវភៅដែលបានបោះពុម្ពកន្លងមក ពុំទាន់អាចឆ្លើយតបនឹងតម្រូវការនៃគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ក្នុងការយកទៅប្រើប្រាស់បាន ។
លោកជំទាវបានបញ្ជាក់ថា សុខភាពផ្លូវចិត្ត គឺជាកត្តាកំណត់ដល់សុខភាពផ្លូវកាយ បើសិនជាមនុស្សយើងម្នាក់បាក់ទឹកចិត្ត មានបញ្ហាសុខភាពផ្លូវចិត្ត មិនត្រឹមត្រូវមិនល្អនោះ គឺអាចនាំទៅដល់សុខភាពផ្លូវកាយទ្រុឌទ្រោម អញ្ចឹងហើយបានជានៅក្នុងសៀវភៅអប់រំសុខភាពនេះ មិនមែននិយាយតែពីការអប់រំសុខភាពផ្លូវកាយមួយមុខនោះទេ តែគឺបាននិយាយអំពីការអប់រំសុខភាពផ្លូវចិត្ត និងផ្លូវអារម្មណ៍ថែមទៀត ដែលនេះជាការយកចិត្តទុកដាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគិត និងរៀបចំយោបាយសុខភាពសិក្សានេះឡើង ។
ចំណែកលោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀនអន្ដរទ្វីបអាមេរិកាំង បានបញ្ជាក់ថា ដោយសារថ្នាក់ដឹកនាំ នៃសាលារៀនអន្ដរទ្វីបអាមេរិកាំង មើលឃើញពីសារសំខាន់នៃបញ្ហាសុខភាពរបស់សិស្ស ដូច្នេះសាលា ក៏មិនព្រងើយកន្ដើយដែរ នៅក្នុងការឧបត្ថម្ភសៀវភៅ ទាក់ទងនឹងការអប់រំសុខភាពនេះ ។
លោកស្រីបន្តថា វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ និងមានសៀវភៅចំនួន ១៤,០០០ក្បាល សម្រាប់ជូនក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្តល់បន្តដល់សាលារៀននានា ដែលមានតម្រូវការប្រើប្រាស់ ។ ចំពោះគោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយ និងអនុវត្តតាមស្តង់ដា ស្តីអំពីការលើកកម្ពស់ការសិក្សា សម្រាប់គ្រឹះស្ថានសិក្សាអប់រំទូទៅ និងដើម្បីបណ្តុះបណ្តាលលើវិធីសាស្រ្តបង្រៀន និងការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាព ដើម្បីលើកកម្ពស់ និងពង្រឹងទៅលើការអប់រំសុខភាពដល់សិស្សានុសិស្ស ក្នុងការអភិវឌ្ឍចំណេះដឹង បំណិន និងឥរិយាបថសម្រាប់ការយកទៅអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ។
មួយវិញទៀត ដើម្បីជួយឱ្យសិស្សានុសិស្ស មានសុខភាពល្អ មានសតិបញ្ញាភ្លឺថ្លា និងមានរាងកាយលូតលាស់ល្អ ទៅតាមសម័យកាលនៃសតវត្សរ៍ទី២១នេះ ជាពិសេស គឺការសិក្សាប្រកបដោយភាពសម្បូរបែប ផ្សារភ្ជាប់ទៅនឹងតថភាពរស់នៅជាក់ស្តែង។
គួរបញ្ជាក់ជូនថា សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលារៀនទីមួយ ដែលបានឧបត្ថម្ភបោះពុម្ពសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាពជូនក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការបណ្តុះបណ្តាលអនុវត្តនូវកម្មវិធីអប់រំសុខភាពផងដែរ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែចូលរួមក្នុងសកម្មភាពផ្សេងៗក្នុងសង្គម ដើម្បីជំរុញដល់ការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ស្របតាមសម័យកាលបច្ចេកវិទ្យា និងឌីជីថល ដែលកំពុងតែពេញនិយមជាខ្លាំង នៅក្នុងបច្ចុប្បន្នភាពនេះ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ