កណ្ដុរមួយក្បាល បង្ខំឲ្យយន្តហោះដឹកអ្នកដំណើរចុះចតបន្ទាន់
បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ ប្រទេសដាណឺម៉ាក Scandinavian Airlines បានឲ្យដឹងថា សត្វកណ្តុរមួយក្បាលបានលោតចេញពីអាហាររបស់ដំណើរម្នាក់ នាំឲ្យមានការចុះចតជាបន្ទាន់ ហើយត្រូវបង្វែរជើងហោះហើរ កាលពីពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រុមហ៊ុន លោក Oystein Schmidt បានអះអាងថា សកម្មភាពរបស់សត្វកណ្តុរបង្ក «ហានិភ័យសុវត្ថិភាព» ដល់អ្នកដំណើរ ដែលកំពុងជិះពីទីក្រុង Oslo ប្រទេសន័រវេស ទៅកាន់ទីក្រុង Malaga ប្រទេសអេស្ប៉ាញ កាលពីសប្តាហ៍មុន។ លោកបានបញ្ជាក់បន្ថែមថា ការឃើញកណ្តុរ នៅលើជើងហោះហើរ គឺជារឿងកម្រកើតមាន ខ្លាំងណាស់។
យ៉ាងណាមិញ អ្នកដំណើរបានធ្វើដំណើរ ទៅកាន់គោលដៅដើម តាមការគ្រោងទុក ដោយបានផ្លាស់ប្តូរយន្តហោះ។ ប៉ុន្តែ ព័ត៌មានលម្អិតអំពីជើងហោះហើរ និងចំនួមនុស្សនៅលើយន្តហោះ មិនត្រូវបានបញ្ជាក់ទេ។
អត្ថបទមួយ នៅលើគេហទំព័ររបស់សមាគមអ្នកបើកយន្តហោះ ហៅកាត់ AOPA បានឲ្យដឹងថា សត្វកណ្ដុរអាចកកេរខ្សែអគ្គិសនី នៅលើយន្តហោះ ដែលពិបាកនឹងដឹង បណ្តាលឱ្យដាច់សៀគ្វី ជាកំណាត់ និងបង្កហានិភ័យភ្លើងឆាបឆេះយន្តហោះ។ អត្ថបទបានណែនាំថា បើរកឃើញកណ្តុរលើយន្តហោះ គឺត្រូវប្រើវិធានការឆ្លើយតប ឲ្យបានលឿន៕
ប្រភពពី Yahoo ប្រែសម្រួល៖ សារ៉ាត