ស្ត្រីថៃរៀបការជាមួយប្រុសបរទេសកើនឡើង

បរទេស៖ នៅថ្ងៃចន្ទនេះ កាសែតថៃ The Nation បានចេញផ្សាយថា ស្ត្រីថៃបន្តរៀបការជាមួយជនបរទេសកាន់តែច្រើន ក្នុងនោះ មានចំនួន ១១,២៥៦នាក់ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ហើយបើធៀបនឹងបុរសថៃ រៀបការជាមួយជនបរទេសជាស្ត្រីវិញ គឺមានត្រឹមតែ ១,៧៣៤នាក់ ខុសគ្នា ជាង៦ដង។

បើតាមប្រភពដដែល ទីក្រុងបាងកកនៅតែបន្តជាមជ្ឈមណ្ឌលសម្រាប់អាពាហ៍ពិពាហ៍ឆ្លងវប្បធម៌ ឬ ថៃរៀបការជាមួយបរទេស ក្នុងនោះ យោងតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃ អាពាហ៍ពិពាហ៍ ជាង១០,០០០គូ រវាងជនជាតិថៃ និងជនបរទេស ត្រូវបានចុះបញ្ជី នៅឆ្នាំ២០២៣ កើនឡើង ១៥% ធៀបនឹងឆ្នាំ២០២២។

ការកើនឡើង នៃទំនាក់ទំនងឆ្លងវប្បធម៌ នៅក្នុងប្រទេសថៃ អាចបណ្តាលមកពីកត្តាជាច្រើន រួមទាំង បរិយាកាសពហុវប្បធម៌ ក្នុងប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ព្រមទាំង ការកើនឡើងនៃទំនាក់ទំនងអន្តរជាតិ តាមរយៈវេទិកាណាត់ជួបតាមអ៊ីនធឺណិត ហើយចំណុចមួយទៀត អាចបណ្តាលមកពីការទាក់ទាញជាសកលរបស់ទីក្រុងបាងកក។ អ្នកជំនាញជឿជាក់ថា នៅពេលដែលទីក្រុងបាងកក បន្តធ្វើទំនើបកម្ម នោះនិន្នាការនៃអាពាហ៍ពិពាហ៍ឆ្លងវប្បធម៌ នឹងបន្តកើនឡើង នេះបើតាម The Nation ដដែល។

យ៉ាងណាមិញ ប្រភពមិនបានបញ្ជាក់អំពីសញ្ជាតិណាខ្លះ ដែលទាំងបុរសនិងស្ត្រីថៃរៀបការ ជាមួយនោះទេ៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner